(ភ្នំពេញ)៖ ប្រសិនបើយើងក្រឡេកថយក្រោយ ទៅមើលអតីតកាលដ៏ជូរចត់នៃប្រទេសយើង ចាប់ពីសម័យខ្មែរក្រហមទៅក្រោយវិញ យើងឃើញយ៉ាងច្បាស់ថា របៀបធ្វើនយោបាយ កាលពីសម័យនោះ គឺការផ្តួលរំលំគ្នាដោយប្រើចុងកាណុង តាមរយៈការប្រមូលកេណ្ឌប្រជាពលរដ្ឋ ឲ្យរត់ចូលព្រៃដើម្បីតស៊ូផ្តួលរំលំរបបដែលកំពុងដឹកនាំប្រទេស។

លទ្ធផលដែលកើតចេញពីការតស៊ូរបៀបនេះគឺ សង្គ្រាមស៊ីវិល កាប់សម្លាប់គ្នា ដុតផ្ទះសម្បែង បំផ្លាញសាលារៀន ផ្តាច់ស្ពានថ្នល់ បង្កើតកោលាហលពេញផ្ទៃប្រទេស។ ចំណែកអ្នករងគ្រោះដោយសារអំពើបែបនេះគឺប្រជាពលរដ្ឋស្លូតត្រង់។ គ្រួសារខ្មែរត្រូវព្រាត់ប្រាស់ និរាស ស្លាប់ របួស ចំណែកប្រទេសជាតិត្រូវខ្ទេចខ្ទាំ អសន្តិសុខ ធ្លាក់ក្នុងភាពក្រីក្រ រហូតទីបំផុតក៏ធ្លាក់ក្នុងរបប​ប្រល័យពូជសាសន៍​ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងលោក.... ទម្រាំតែកម្ពុជាអាចចាកចេញពីឋាននរកអវីចីនេះ ឈាមខ្មែរក្លាយជាស្ទឹង ឆ្អឹងក្លាយជាភ្នំ និងទឹកភ្នែកខ្មែរក្លាយជាសមុទ្រ។

៤០ ឆ្នាំក្រោយមក ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មី ហើយកំពុងមានស្ថានភាពមិនខុសគ្នាពីបណ្តាប្រទេសជិតខាងក្នុងតំបន់ឡើយ។ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្ទះសម្បែងមូលមី ភ្លើងអគ្គិសនីព្រោងព្រាត យប់អធ្រាត្រថ្មើរម៉ានក៏អាចធ្វើដំណើរបានដោយគ្មានការភ័យខ្លាច។ សំណង់អគារតូចធំ រីកត្រសុំត្រសាយ ដូចផ្សិតត្រូវទឹកភ្លៀង។ នៅលើដងវិថី ពិសេសក្នុងរាជធានី និងទីប្រជុំជន រថយន្ត ម៉ូតូ គ្រប់ធុន បើកបរណែនណាន់ស្ទើររកចន្លោះទំនេរមិនឃើញ។ ផ្សារទំនើប ហាងទំនិញគ្រប់ម៉ាកយីហោ រាប់ទាំងម៉ាកល្បីៗរបស់ពិភពលោកផង បង្ហាញវត្តមានកាន់តែច្រើន។ តំបន់ទេសចរណ៍គ្រប់កន្លែង ណែនណាន់ ទៅដោយភ្ញៀវទេសចរជាតិ និងបរទេស....ទាំងនេះសបញ្ជាក់​ឲ្យឃើញថា ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ខ្លួនចាកចេញពីអតីតកាលដ៏ជូរចត់ ដោយឈរលើគោលគ្រឹះនៃសន្តិភាព និងស្ថិរភាពនយោបាយ។

បើទោះជានៅមានបញ្ហានេះ បញ្ហានោះ កើតមាននៅកន្លែងនេះ ឬកន្លែងនោះ ក៏ប៉ុន្តែ វាគឺជាអ្វីដែលមិនអាចចៀសផុតឡើយ​ក្នុងដំណើរការ​អភិវឌ្ឍន៍ប្រទេស។ បញ្ហាទាំងនោះទាមទារឲ្យមានការចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយគឺ សម័យនេះទៅហើយ នៅតែមានអ្នកនយោបាយ ប្រើយុទ្ធសាស្ត្រចាស់គំរឹលទៅបង្កើតចលនាឧទ្ទាមក្រៅច្បាប់ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ ហើយងើបបះបោរនាំភាពវឹកវរដល់ប្រទេសជាតិ ដូចពីអតីតកាលទៀត?

នេះពិតជាគំនិតអ្នកនយោបាយមុជមិនជ្រៅ ទៅមិនឆ្ងាយ! ជាអ្នកនយោបាយទ័លច្រក គិតអ្វីមិនឃើញក្រៅពីយកមេរៀនចាស់ ដែលហួសសម័យ មកអនុវត្តន៍ដោយមិនព្រមរៀនសូត្រ ដកពិសោធន៍ពីប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួនឡើយ។ ប៉ុន្តែ ទោះជានៅមានអ្នកនយោបាយបែបនេះ នៅបន្តសេសសល់ ហើយកំពុងគាស់កកាយមេរៀន ដែលគេកប់ចោលទៅហើយ មកអនុវត្តឡើងវិញព្រោះតែមហិច្ឆតារបស់ខ្លួនក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរក្នុងសតវត្សរ៍ទី ២១ នេះមិនឆោតល្ងង់ដូចសម័យមុន រហូតដល់នាំគ្នាទៅគាំទ្រចលនាឧទ្ទាមខុសច្បាប់នោះឡើយ។

ប្រជាពលរដ្ឋខ្មែរសម័យនេះ ត្រូវការបង្កើតឱកាសនៃមុខរបររកទទួលទាន ត្រូវការសាលារៀន, មន្ទីរពេទ្យ, ត្រូវការទីផ្សារទិញទំនិញ, ត្រូវការរមណីយដ្ឋានទេសចរណ៍ សម្រាប់កម្សានពេលចុងសប្តាហ៍ និងពិធីបុណ្យផ្សេងៗ។ គ្មានអ្នកណាឡើយចង់ទៅរត់ចូលព្រៃ ដើម្បីធ្វើសង្គ្រាមរបៀបឧទ្ទាមចោរព្រៃទៀតឡើយ។ ម្យ៉ាងទៀត សម័យនេះ គេធ្វើនយោបាយតាមរយៈសន្លឹកឆ្នោត និងការប្រកួតប្រជែងគំនិត ដើម្បីស្វែងរកសេចក្តីសុខចម្រុងចម្រើនជូនប្រជាពលរដ្ឋ និងប្រទេសជាតិ គឺមិនមែនធ្វើនយោបាយអំពាវនាវ ឲ្យប្រជាជនលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីសង្គ្រោះនយោបាយទ័លច្រករបស់ខ្លួននោះឡើយ។  

ក្នុងន័យនេះ ពលរដ្ឋខ្មែរដែលឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាម ឆ្អែតឆ្អន់នឹងការកាប់សម្លាប់គ្នារវាងខ្មែរនិងខ្មែរ ឆ្អែតឆ្អន់នឹងការរត់លូនគេច​គ្រាប់ផ្លោង ឆ្អែតឆ្អន់នឹងការបែកបាក់ និរាស ព្រាត់ប្រាស់ ប្រាកដជាមិនទៅឆ្កួតលង់តាមការអំពាវនាវរបស់អ្នកនយោបាយពនេចរ គ្មានទិសដៅដូច ទណ្ឌិត សម រង្ស៊ី ឡើយ។

ដោយការដកបទពិសោធន៍ពីប្រវត្តិសាស្ត្រច្បាស់លាស់ជាងអ្នកនយោបាយ ពលរដ្ឋខ្មែរសម័យនេះ មិនចូលរួមធ្វើសកម្មភាព​ជាមួយ​គណបក្ស ឬចលនាក្រៅច្បាប់ណាដែលនាំទុក្ខដាក់ខ្លួនឡើយ និង មិនចូលរួមធ្វើសកម្មភាពទាំងឡាយណាដែលជាការបំផ្លាញសុខ សន្តិភាព និងស្ថិរភាពសង្គម ជាដាច់ខាត។ ផ្ទុយទៅវិញ ពួកយើងមានតែចូលរួមការពារ ពូនជ្រុំសន្តិភាព និងស្ថិរភាពសង្គម ដែលបានមកដោយកម្រនោះ ឲ្យកាន់តែល្អប្រសើរ ជាងនេះថែមទៀត។ យើងក៏មិនចូលរួមក្នុងសកម្មភាពលាបពណ៌​គ្នាដែលធ្វើឲ្យខ្មែរបែកបាក់ជាតិនោះដែរ។  ផ្ទុយទៅវិញ អ្វីដែលយើងទាំងអស់គ្នា ត្រូវចូលរួមធ្វើនោះគឺ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីជំរុញការអភិវឌ្ឍប្រទេស ឲ្យកាន់តែលឿនទៅមុខដើរទាន់គេក្នុងតំបន់ និងក្នុងឆាកអន្តរជាតិ។

យើងជាពលរដ្ឋខ្មែរមិនត្រូវដើរថយក្រោយ ទៅរកអតីតកាលដ៏ជូរចត់ តាមអ្នកនយោបាយគំនិតខ្លី បញ្ញារាក់ ពូកែតែពាក់មុខយក្សឲ្យខ្មែរឈ្លោះគ្នានោះ ជាដាច់ខាត។ អ្នកនយោបាយហួសសម័យ ដែលចង់ដណ្តើមអំណាចតាមរបៀបព្រៃក្រៅច្បាប់ នឹងត្រូវឯកោពីសហគមន៍ជាតិនិងអន្តរជាតិ ហើយទីបំផុតច្បាស់ជាគេចមិនផុតពីការប្រឈមមុខចំពោះផ្លូវច្បាប់ឡើយ៕  

ដោយ៖ កូនខ្មែរ