(ភ្នំពេញ)៖ «ខ្ញុំនឹងខិតខំសហការជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើកិច្ចការចំពោះមុខជាច្រើនទៀតទាក់ទងការអភិវឌ្ឍខ្សែចង្វាក់តម្លៃអង្កររបស់កម្ពុជា រួមមានការពង្រឹងបច្ចេកទេសផលិត និងកែច្នៃអង្កររបស់កម្ពុជា ការកាត់បន្ថយតម្លៃនាំចេញ និងដោះស្រាយបញ្ហាប្រឈមនានា និងការពង្រីកទីផ្សារឲ្យបានជាអតិបរិមា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ»។ នេះគឺជាការអះអាងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រីបានអះអាងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតប្រចាំឆ្នាំ២០១៧ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្រោមការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល សមាជិកសហព័ន្ធ និងតំណាងដៃគូអភិវឌ្ឍន៍ប្រមាណ ២០០នាក់។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍចង្វាក់តម្លៃអង្ករ តាមរយៈគម្រោងពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា ដំណាក់កាលទី១ នៃកម្មវិធីពង្រឹងក្របខណ្ខសមាហរណកម្ម (EIF) រាប់ចាប់ពីការប្រើប្រាស់គ្រាប់ពូជដែលមានគុណភាព ទៅជាការផលិត និងកែច្នៃអង្ករ ដើម្បីផ្គត់ផ្តង់ទីផ្សារក្នុងស្រុក និងនាំចេញដោយជោគជ័យជាង ៤៤ពាន់តោន កាលពីឆ្នាំ២០១៣ ព្រមទាំងធ្វើឲ្យអង្ករកម្ពុជា ឈ្នះពានរង្វាន់អង្ករគុណភាពលំដាប់ពិភពលោកចំនួន ៣ឆ្នាំជាប់គ្នា។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកាត់បន្ថយថ្លៃដើមផលិត កែច្នៃ និងនាំចេញអង្ករ តាមរយៈការលុបចោលកម្រៃសេវានានា ការដាក់ឲ្យអនុវត្តន៍ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការសម្រួលការចុះបញ្ជីម៉ាកវិញ្ញាតកម្មទំនិញអង្ករឈ្មោះ «ម្លិះអង្គរ» ជាដើម។ បន្ថែមលើនេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់សហព័ន្ធស្រូវអង្ករ ចូលរួមឲ្យបានកាន់តែសកម្មក្នុងកិច្ចការផ្សព្វផ្សាយម៉ាកអង្ករកម្ពុជា និងការជំរុញការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិទាំងបច្ចុប្បន្ន និងអនាគត។

គួររំលឹកដែរថា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផលកសិកម្មចំនួន ៥ប្រភេទ រួមទាំងស្រូវអង្ករ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យអនុវត្តន៍គម្រោង «ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» ហៅថា AIMS កាលពីខែឧសភា ឆ្នាំ២០១៧ សំដៅពង្រឹងសមត្ថភាព និងបច្ចេកទេសដាំដុះរបស់ប្រជាកសិករ ក្នុងការផលិតស្រូវឲ្យមានគុណភាព និងទិន្នផលខ្ពស់ និងតភ្ជាប់សមាគមកសិករជាមួយរោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាទីផ្សារទាំងក្នុង និងក្រៅប្រទេស។

មិនតែប៉ុណ្ណោះ ចាប់តាំងពីការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅក្នុងឆ្នាំ២០១០ បានធ្វើឲ្យបរិមាណនាំចេញអង្ករកម្ពុជា កើនឡើងរៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៦៣ម៉ឺនតោន ទៅកាន់ទីផ្សារ ៦០ជុំវិញពិភពលោក ពោលគឺបានកើនឡើងជាង ១៧% បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៥៤ម៉ឺនតោន និងប្រហែលជាង ៦០% បើធៀបនឹងឆ្នាំ ២០១០ ដែលមានត្រឹមតែ ១០ម៉ឺនតោនប៉ុណ្ណោះ៕