(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានឯកភាពជាមួយក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី បង្កើតឲ្យមានមណ្ឌលសម្រាប់អប់រំណែនាំតម្រង់ទិសពលករកម្ពុជា មុនចេញទៅធ្វើការនៅម៉ាឡេស៊ី និងចេញវិញ្ញាបនបត្របញ្ជាក់សមត្ថភាពដល់ពលករខ្មែរ ដែលបានបញ្ចប់វគ្គអប់រំណែនាំតម្រង់ទិសនេះដោយជោគជ័យ។

ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជាមួយលោក ដាតូ ស្រ៊ីរីឆាត រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ-ភូកេត្រា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។

ក្រោយពីបញ្ចប់កិច្ចពិភាក្សានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសមួយដោយបញ្ជាក់ពីលទ្ធផលការងារ ដែលកើតចេញពីកិច្ចពិភាក្សាខាងលើ ដោយក្នុងនោះភាគីទាំងពីរបានឯកភាពគ្នា បង្កើតឲ្យមានមណ្ឌលសម្រាប់អប់រំណែនាំ​តម្រង់ទិសពលករ​កម្ពុជា មុនចេញទៅធ្វើការនៅម៉ាឡេស៊ី និងចេញវិញ្ញាបនបត្របញ្ជាក់សមត្ថភាពដល់ពលករខ្មែរ ដែលបានបញ្ចប់វគ្គអប់រំណែនាំ​តម្រង់ទិសនេះដោយជោគជ័យ។

សេចក្ដីប្រកាសបានបន្តថា ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចប្រជុំថ្នាក់មន្ត្រីបច្ចេកទេសជាន់ខ្ពស់លើកទី៥ និងកិច្ចប្រជុំថ្នាក់រដ្ឋ​មន្ត្រីលើក​ទី២ នាសប្ដាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ នៅប្រទេសម៉ាឡេស៊ី ដើម្បីបន្តធ្វើការពិភាក្សាលើបញ្ហាដែលសេសសល់ ឲ្យបានចប់​សព្វគ្រប់ ដែលអាចឲ្យដំណើរការចាប់ផ្ដើមបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីលើកដំបូង នាដើមសប្ដាហ៍ខែមិថុនា ឆ្នាំ២០១៨ តទៅ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖