(ញូវដែល្លី, ឥណ្ឌា)៖ ក្នុងថ្ងៃដំបូងនៃការអញ្ជើញទៅដល់ទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា នារសៀលថ្ងៃទី២៤ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូបានអញ្ជើញទស្សនាគម្រោងផលិតផលបច្ចេកវិទ្យានានានៅមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបរបស់ឥណ្ឌា។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុតពីថ្នាក់ដឹកនាំ បុគ្គលិកនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុំព្យូទ័រទំនើបឥណ្ឌា។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់លើបទបង្ហាញស្តីពីគម្រោងផលិតផលបច្ចេកវិទ្យារបស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើប (Centre for Development of Advanced Computing) របស់សាធារណរដ្ឋឥណ្ឌា។
បទបង្ហាញដែលលើកឡើងដោយលោក Ravi Shankar Prasad រដ្ឋមន្រ្តីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ គឺជាទីកន្លែងប្រមូលផ្តុំដោយការសិក្សាស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ក៏ដូចជាការរក្សាទុកបណ្តាទិន្នន័យនានា លើប្រព័ន្ធអ៉ីនធើណែត ក្នុងការគ្រប់គ្រងលើគ្រប់ផ្នែក និងគ្រប់ទីកន្លែងក្នុងប្រទេសឥណ្ឌា និងក៏ជាការភ្ជាប់ទំនាក់ទំនងទៅកាន់បណ្តាប្រទេសមួយចំនួនទាំងនៅក្នុងតំបន់ និងក្រៅតំបន់។
លោករដ្ឋមន្រ្តីក៏បានលើកឡើងពីការគ្រប់គ្រងទិន្នន័យដល់ប្រជាកសិករ និងការធ្វើអាជីវកម្មគ្រប់បែបយ៉ាងទាំងក្នុងប្រទេសឥណ្ឌា និងអន្តរជាតិ ពិសេសការភ្ជាប់ទៅបណ្តាសាកលវិទ្យាល័យធំៗលើពិភពលោកប្រមាណ ១៦ម៉ឺនកន្លែង។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌ មានឥណ្ឌា ពិសេសថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើប (Centre for Development of Advanced Computing) ដែលបានអនុញ្ញាត និងផ្តល់ឱកាសឲ្យរូបសម្តេចបានស្វែងយល់ និងសិក្សាពីគម្រោងអាទិភាពនានា នៅក្នុងមជ្ឈមណ្ឌលនេះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានស្នើភាគីឥណ្ឌា ធ្វើការសិក្សា និងផ្តល់លទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ដើម្បីឲ្យកម្ពុជាបានធ្វើការតភ្ជាប់ និងផ្តល់នូវព័ត៌មានពីគ្នាទៅវិញទៅមកលើប្រព័ន្ធព័ត៌មានវិទ្យាដ៏មានសារះសំខាន់នេះ។
បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីគម្រោងផលិតផលបច្ចេកវិទ្យារបស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានអញ្ជើញទស្សនាការបង្ហាញជាក់ស្តែងស្តីពីការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងទន្នន័យ ការដំឡើងកម្មវិធី (Software) ចុះបញ្ជីដីធ្លី និងឯកសារផ្សេងៗ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាបែបទំនើប ពិសេសការតភ្ជាប់ពីប្រទេសឥណ្ឌាទៅកាន់ប្រទេសដទៃទៀតលើពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់បានចំណាយពេលប្រមាណ៣០នាទីក្នុងការទស្សនាស្វែងយល់ និងការស្តាប់បទបង្ហាញស្តីពីគម្រោងផលិតផលបច្ចេកវិទ្យារបស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើប (Centre for Development of Advanced Com puting)។
កម្មវិធីគ្រប់គ្រងតាមបច្ចេកវិទ្យាទំនើបដែលបានបង្ហាញ និងនាំឲ្យមានការចាប់អារម្មណ៍នៅក្នុងមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យា ហើយឥណ្ឌាកំពុងប្រើប្រាស់សព្វថ្ងៃក្នុងនោះមានដូចជា ការគ្រប់គ្រងប្រព័ន្ធសុខាភិបាលដោយប្រើប្រាស់ប្រព័ន្ធ កំព្យូទ័រក្នុងការគ្រប់គ្រងទិន្នន័យអ្នកជំងឺ (e-Health), គ្រប់គ្រងអត្តសញ្ញាណ រួមទាំងការបញ្ជូនឯកសារ ទិន្នន័យដោយមិនចាំបាច់នាំឯកសារទាំងមូល (e-Sign), គ្រប់គ្រងបុគ្គលិក និងរដ្ឋបាលទូទៅ (e-Office), គ្រប់គ្រង និងឆ្លើយតបតម្រូវការពេលមានគ្រោះអាសន្ន (NERS), និងជួយកសិករក្នុងការជ្រើសរើសប្រភេទជីសម្រាប់ដីស្រែចំការឲ្យត្រូវដើម្បីបានទិន្នផលខ្ពស់ ព្រមទាំងប្រព័ន្ធឌីជីថលក្នុងការជួយរកទីផ្សារសម្រាប់កសិករលក់ផលិតផលផងដែរ។
ទន្ទឹមនឹងនោះក៏មាន e-Education ដែលជួយសម្រួលដល់ការសិក្សារបស់សិស្សនិស្សិតក្នុងប្រទេសឲ្យកាន់តែងាយស្រួលក្នុងការសិក្សា។ កិច្ចការខាងលើនេះ គឺបានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាចំណេញថវិកាប្រមាណ ៦ ប៊ីលានដុល្លារផងដែរ។ នៅឥណ្ឌាសព្វថ្ងៃ សូម្បីការបោះឆ្នោត ក៏ប្រើប្រព័ន្ធឌីជីថលគូសសន្លឹកឆ្នោត ដោយមិនចំណាយទៅលើក្រដាសទៀតឡើយ។
សូមបញ្ជាក់ដែរថា សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ ៣លាន ២៨៧ពាន់ ២៦៣គីឡូម៉ែត្រការ៉េ ចែកជា ២៩រដ្ឋ និង ៧ដែនដី ចំណុះរដ្ឋសហភាព មានព្រំប្រទល់ជាប់ប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ា ចិន នេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជាជនសរុបចំនួន ១ពាន់២៧០លាននាក់ (តួលេខក្នុងខែកក្កដាឆ្នាំ២០១៦)។ ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០។
ស្ថានភាពសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌាកាលពីឆ្នាំ២០១៦កន្លងទៅ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ ៧,៦% ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ស្មើនិង ១,៧០៩.៦ដុល្លាអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យកសិកម្មមាន ១៧,៤% ឧស្សា ហកម្មមាន ២៨,៨% និងសេវាកម្ម ៤៦,២% ជាមួយគ្នានេះទំហំពាណិជ្ជកម្មនៃការនាំចេញរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨.៦ពាន់លានដុល្លា ឯការនាំចូលមានទឹកប្រាក់សរុប ៣៧៦.១ពាន់លានដុល្លារ៕