(ញូវដែល្លី, ឥណ្ឌា)៖ បន្ទាប់ពីបានអញ្ជើញទស្សនាលើប្រព័ន្ធបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាឥណ្ឌារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា ឥណ្ឌាជាប្រទេសមានការរីកចម្រើនខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាអាចរៀនសូត្រ ដើម្បីជំរុញកម្ពុជាឲ្យក្លាយទៅជារដ្ឋាភិបាលអេឡិចត្រូនិច (e-government) និងប្រជាពលរដ្ឋអេឡិចត្រូនិច (e-people)។
សម្តេចតេជោ ហ៊ុន សែន តែងតែបានជំរុញមន្រ្តីរាជរដ្ឋាភិបាលឲ្យប្រឹងប្រែងដុសខាតសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន ដើម្បីជំរុញការងារឲ្យបានលឿន ហើយក៏ធ្លាប់បានបង្ហាញពីមហិច្ឆតាចង់ឃើញប្រជាពលរដ្ឋកម្ពុជាយល់ដឹងលើបញ្ហាបច្ចេកវិទ្យាបានខ្លាំងក្លាយផងដែរ។ សម្តេចតេជោ បានថ្លែងថា ការអភិវឌ្ឍសមត្ថភាពលើប្រព័ន្ធបច្ចេកវិទ្យានេះ នឹងជួយជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនកាន់តែឆាប់រហ័ស។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២នៃវត្តមានលើទឹកដីប្រទេសឥណ្ឌាថា «សព្វថ្ងៃនេះ ឥណ្ឌាកំពុងមានការរីកចម្រើនជាច្រើនវិស័យ ជាពិសេសលើផ្នែកបច្ចេកវិទ្យា ដែលកម្ពុជាអាចសិក្សារៀនសូត្របានពីប្រទេសជាមិត្ត ដើម្បីជំរុញកម្ពុជាឲ្យក្លាយទៅជារដ្ឋាភិបាលអេឡិចត្រូនិច (e-government) និងប្រជាពលរដ្ឋអេឡិចត្រូនិច (e-people) ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែឆាប់រីកចម្រើនជឿនលឿនក្នុងសម័យកាលឌីជីថលនេះ ដែលជាតម្រូវការចាំបាច់របស់ពិភពលោកសព្វថ្ងៃ»។
ក្រៅពីការកត់សម្គាល់នូវភាពរីកចម្រើនលើវិស័យបច្ចេកវិទ្យាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌាផងដែរ ជាពិសេសឥណ្ឌា គឺជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានចងសម្ព័ន្ធភាពជាមួយកម្ពុជាឡើងវិញក្រោយពេលកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហម។
«ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្នាជាច្រើនពាន់ឆ្នាំមកហើយ ក្នុងនោះមានទាំងទំនាក់ទំនងជំនួញជួញដូរ សិល្បៈ វប្បធម៌ អក្សរសាស្រ្ត និងជំនឿសាសនាជាដើម។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨១ ក្រោយពីយើងរំដោះប្រទេសបានពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់រដ្ឋាភិបាលកម្ពុជាមុនគេនៅពេលនោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោ ក៏បានបញ្ជាក់តាម Facebook ដែរថា នៅថ្ងៃត្រង់នេះ សម្តេចនឹងអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយប្រមុខដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ដែលរៀបចំទទួលដោយលោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូអញ្ជើញដល់ប្រទេសឥណ្ឌានៅថ្ងៃម្សិលមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសនៃខួប២៥ឆ្នាំ នៃការបង្កើតឲ្យមានទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងបំពេញទសន្សកិច្ចផ្លូវការ។
ដំណើរអញ្ជើញដល់នៅថ្ងៃដំបូងសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានអញ្ជើញទៅទស្សនានៅមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ឥណ្ឌា។ នៅក្នុងមជ្ឈមណ្ឌលនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានបង្ហាញពីការគ្រប់គ្រងនៅក្នុងប្រទេសឥណ្ឌា ដែលភាគច្រើនត្រូវបានប្រើប្រាស់ដោយប្រព័ន្ធបច្ចេកវិទ្យា។
កម្មវិធីគ្រប់គ្រងតាមបច្ចេកវិទ្យាទំនើបដែលបានបង្ហាញ និងនាំឲ្យមានការចាប់អារម្មណ៍នៅក្នុងមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យា ហើយឥណ្ឌាកំពុងប្រើប្រាស់សព្វថ្ងៃក្នុងនោះមានដូចជា ការគ្រប់គ្រងប្រព័ន្ធសុខាភិបាលដោយប្រើប្រាស់ប្រព័ន្ធ កំព្យូទ័រក្នុងការគ្រប់គ្រងទិន្នន័យអ្នកជំងឺ (e-Health), គ្រប់គ្រងអត្តសញ្ញាណ រួមទាំងការបញ្ជូនឯកសារ ទិន្នន័យដោយមិនចាំបាច់នាំឯកសារទាំងមូល (e-Sign), គ្រប់គ្រងបុគ្គលិក និងរដ្ឋបាលទូទៅ (e-Office), គ្រប់គ្រង និងឆ្លើយតបតម្រូវការពេលមានគ្រោះអាសន្ន (NERS), និងជួយកសិករក្នុងការជ្រើសរើសប្រភេទជីសម្រាប់ដីស្រែចំការឲ្យត្រូវដើម្បីបានទិន្នផលខ្ពស់ ព្រមទាំងប្រព័ន្ធឌីជីថលក្នុងការជួយរកទីផ្សារសម្រាប់កសិករលក់ផលិតផលផងដែរ។
ទន្ទឹមនឹងនោះក៏មាន e-Education ដែលជួយសម្រួលដល់ការសិក្សារបស់សិស្សនិស្សិតក្នុងប្រទេសឲ្យកាន់តែងាយស្រួលក្នុងការសិក្សា។ កិច្ចការខាងលើនេះ គឺបានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាចំណេញថវិកាប្រមាណ ៦ ប៊ីលានដុល្លារផងដែរ។ នៅឥណ្ឌាសព្វថ្ងៃ សូម្បីការបោះឆ្នោត ក៏ប្រើប្រព័ន្ធឌីជីថលគូសសន្លឹកឆ្នោត ដោយមិនចំណាយទៅលើក្រដាសទៀតឡើយ៕