(ឥណ្ឌា)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី៣ នៃការស្នាក់នៅបំពេញការងារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋឥណ្ឌា។
នៅព្រឹកថ្ងៃទី២៦ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន និងបណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងសាធារណរដ្ឋឥណ្ឌា បានយាង និងអញ្ជើញជាព្រះអធិបតី និងអធិបតី ក្នុងពិធីទស្សនាក្បូនព្យុហយាត្រា នៃទិវាសាធារណរដ្ឋ របស់សាធារណរដ្ឋឥណ្ឌា។
ពិធីផ្លូវការដែលប្រារព្វធ្វើឡើង នៅចំកណ្តាលទីក្រុងញ៉ូវដែលី បណ្តាមេដឹកនាំអាស៊ាន ឥណ្ឌា ក៏ដូចជាប្រជាពលរដ្ឋឥណ្ឌាគ្រប់ស្រទាប់វណ្ណៈ បានយាង និងអញ្ជើញចូលរួមពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនឥណ្ឌា ក្រោមអាកាសធាតុត្រជាក់៨អង្សាសេ និងផ្ទៃមេឃចុះអ័ព្ទ។
នៅក្នុងពិធីព្យុហយាត្រានោះ បណ្តាមេដឹកនាំអាស៊ាន និងឥណ្ឌា បានទត និងតាមដានយ៉ាងយកចិត្តទុកដាក់ ពីការដង្ហែក្បូនតាមបែបប្រពៃណីរបស់ឥណ្ឌា ការហែក្បូនយន្តសេះ សត្វអូដ ការហែក្បូនយោធា និងយុទ្ធភណ្ឌយោធា រួមទាំងការហែក្បូនពីប្រពៃណីសាសនា របស់ប្រទេសឥណ្ឌា តាមបែបផែននីមួយៗ។
សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ៣,២៨៧,២៦៣គីឡូម៉ែត្រការ៉េ ចែកជា២៩រដ្ឋ និង៧ដែនដី ចំណុះរដ្ឋសហភាព មានព្រំប្រទល់ជាប់ និងប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ា ចិន នេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជាជនសរុបចំនួន១,២៧០លាននាក់ តួលេខ ក្នុងខែកក្កដា ឆ្នាំ២០១៦។
ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ ខែមករាឆ្នាំ១៩៥០។ ប្រជាជនកាន់សាសនាហ៊ិនឌូមាន៨០.៥០% ម៉ូស្លីម១៣.៤០% និងជំនឿផ្សេងៗជាង៦%។
ស្ថានភាពសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦កន្លងទៅ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ៧.៦% ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ស្មើនិង ១៧០៩.៦ ដុល្លាអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យកសិកម្មមាន១៧.៤% ឧស្សាហកម្មមាន២៨.៨% និងសេវាកម្មមាន៤៦.២% ជាមួយគ្នានេះទំហំពាណិជ្ជកម្ម នៃការនាំចេញរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨.៦ពាន់លានដុល្លា ឯការនាំចូលមានទឹកប្រាក់សរុប ៣៧៦.១ពាន់លានដុល្លា។
នៅក្នុងពិធីដង្ហែរក្បូននោះ ក៏មានការបង្ហាញនូវយុទ្ធចម្បាំងទាំងផ្នែកកងទ័ពជើងទឹក ជើងគោក និងជើងអាកាស ដែលផលិតនៅសាធារណរដ្ឋឥណ្ឌា។
បណ្តាមេដឹកនាំអាស៊ាន ឥណ្ឌា ក៏ដូចជាប្រជាពលរដ្ឋឥណ្ឌាទាំងអស់ ដែលបានយាង និងញ្ជើញចូលរួមថត និងទស្សនាពិធីហែក្បូនព្យុហយាត្រានោះ សុទ្ធតែបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការអភិវឌ្ឍនូវសមត្ថភាពដ៏រស់រវើក និងប៉ិនប្រសប់ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌា ក្នុងការកសាងសេដ្ឋកិច្ចលំដាប់អន្តរជាតិ ពិសេសការកសាងនូវអាវុធយុទ្ធភណ្ឌនានា ក្នុងវិស័យការពារជាតិ ក៏ដូចជាការកសាងសមត្ថភាពជំនាញនានា។
សូមបញ្ជាក់ដែរថា នៅក្នុងក្បូនព្យុហយាត្រានោះ បានចំណាយពេលប្រមាណ១ម៉ោងនិង៣០នាទី ដោយបានបង្ហាញពីគ្រប់ផ្នែកទាំងអស់ ពិសេសការអភិវឌ្ឍបច្ចេកវិទ្យា និងគ្រឿងយុទ្ធភណ្ឌនានារបស់ឥណ្ឌា៕