(ញូវដែល្លី, ឥណ្ឌា)៖ កម្រាលព្រំក្រហមដ៏វែងអន្លាយត្រូវបានក្រាលក្របស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជានៅលើទឹកដីញូវដែល្លី ប្រទេសឥណ្ឌា ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៥នៅលើពិភពលោក។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលពិសេសលើកទី២៥ អាស៊ាន-ឥណ្ឌា និងទិវាសាធារណរដ្ឋឥណ្ឌារយៈពេលពីរថ្ងៃរួចមកនោះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឥណ្ឌា។ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ លើទឹកដីទីក្រុងញូវដែល្លី ត្រូវបានស្វាគមន៍យ៉ាងក្លៀវក្លាបំផុតពី នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ឈរអមដោយកងកិត្តិយស និងភ្លេងត្រែទ័ពបន្លឺយ៉ាងកងរំពង។+
ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ ត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍របស់ឥណ្ឌាថែមទៀតផង។
កម្ពុជា-ឥណ្ឌា មានប្រវត្តិទំនាក់ទំនងនឹងគ្នាយូរលង់ណាស់មកហើយ តែត្រូវបានកាត់ផ្តាច់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុលពត ហើយបានភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាឡើងវិញនៅឆ្នាំ១៩៨១ ក្នុងសម័យរដ្ឋកម្ពុជា ក្រោយរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំ។ ឥណ្ឌា គឺជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានបោះដៃភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជានាពេលនោះ គ្រាប្រទេសជាច្រើនបានដាក់ការហ៊ុព័ទ្ធសេដ្ឋកិច្ចរបស់កម្ពុជា។
ការបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីឥណ្ឌានាព្រឹកនេះបានបង្ហាញការរឹតចំណងការទូត និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀតរវាងកម្ពុជា និងឥណ្ឌា។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅលើទឹកដីឥណ្ឌានេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ស្រ៊ី រ៉ាម ណាត កូវិនដ៏ (Shri Ram Nath Kovind) ប្រធានាធិបតីឥណ្ឌា និងលោក ស្រ៊ី ម. វ៉េនកៃអាហ៍ ណៃឌូ (Shri M. Vekaiah Naidu) អនុប្រធានាធិបតីឥណ្ឌា ក៏ដូចជានឹងទទួលជួបសម្តែងការគួរសមដោយលោកស្រី ស៊ូសម៉ា ស្វារ៉ាជ (Sushma Swaraj) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញដាក់កម្រងផ្កានៅស្តូបគោរពវិញ្ញាណក្ខន្ធ លោក មហាត្មៈ គន្ធី ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា។ បន្ទាប់មកថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនហើយនឹងបន្តដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ ក្នុងឱកាសស្នាក់នៅប្រទេសឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះនៅឯវេទិកាធុរៈកិច្ចឥណ្ឌា-កម្ពុជាផងដែរ ដើម្បីបង្ហាញពីឱកាសវិនិយោគ និងទាក់ទាញអ្នកវិនិយោគឥណ្ឌា មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
សូមបញ្ជាក់ដែរថា សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ ៣លាន ២៨៧ពាន់ ២៦៣គីឡូម៉ែត្រការ៉េ ចែកជា ២៩រដ្ឋ និង ៧ដែនដី ចំណុះរដ្ឋសហភាព មានព្រំប្រទល់ជាប់ប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ា ចិន នេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជាជនសរុបចំនួន ១ពាន់២៧០លាននាក់ (តួលេខក្នុងខែកក្កដាឆ្នាំ២០១៦)។ ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០។
ស្ថានភាពសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌាកាលពីឆ្នាំ២០១៦កន្លងទៅ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ ៧,៦% ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ស្មើនិង ១,៧០៩.៦ដុល្លាអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យកសិកម្មមាន ១៧,៤% ឧស្សា ហកម្មមាន ២៨,៨% និងសេវាកម្ម ៤៦,២% ជាមួយគ្នានេះទំហំពាណិជ្ជកម្មនៃការនាំចេញរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨.៦ពាន់លានដុល្លា ឯការនាំចូលមានទឹកប្រាក់សរុប ៣៧៦.១ពាន់លានដុល្លារ។
របាយការណ៍ថ្មីៗបានបង្ហាញថា ឥណ្ឌា បានក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងឈរនៅលំដាប់ទី៥លើពិភពលោក ដោយវ៉ាប្រទេសអង់គ្លេស និងបារាំង៕