(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា បានចេញសេចក្តីអំពាវនាវរួមមួយ ឱ្យពិភពលោក មានការប្រឹងប្រែងរួមគ្នាទាំងអស់ជាសាកល ដើម្បីកម្ចាត់ភេរវកម្ម គ្រប់ទម្រង់ និងគ្រប់រូបភាព ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់របស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា នៅរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពថា ភេរវកម្មគឺជាទង្វើដ៏អាក្រក់ឃោរឃៅចំពោះមនុស្សជាតិ និងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាពពិភពលោក ព្រមទាំងបានថ្កោលទោសចំពោះភេរវកម្មគ្រប់ទម្រង់ និងគ្រប់រូបភាព និងគូសបញ្ជាក់ថា គ្មានទឡ្ហីករណ៍ណាមួយសម្រាប់ការធ្វើសកម្មភាពភេរវកម្មឡើយ ហើយនិងទទួលស្គាល់ថាអំពើភេរវកម្ម មិនអាច និងមិនគួរត្រូវបានដាក់ភ្ជាប់ទំនាក់ទំនងជាមួយនឹងសាសនា ជាតិសាសន៍ អារ្យធម៌ ឬក៏ក្រុមភាគតិចមួយណាឡើយ។
សេចក្តីប្រកាសរួមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំទាំងពីរបានអំពាវនាវឲ្យមានការប្រឹងប្រែងរួមគ្នាទាំងអស់ជាសាកល ដើម្បីកម្ចាត់ភេរវកម្ម ក្នុងគ្រប់ទម្រង់ និងគ្រប់រូបភាព ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានអំពាវនាវឲ្យប្រជាជាតិទាំងអស់ ប្រកាន់យកនូវវិធីសាស្ត្រទូលំទូលាយមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក្នុងនោះគួររួមមាន ការប្រយុទ្ធប្រឆាំងនឹងគំនិតផ្លាស់ប្តូរជ្រុលនិយម ការជ្រើសរើស និងចលនារបស់ភេរវករ រួមទាំងកម្លាំងភេរវករអន្តរជាតិ ការទប់ស្កាត់ប្រភពផ្តល់ហិរញ្ញវត្ថុភេរវកម្ម ដែលមានជាអាទិ៍ ឧក្រិដ្ឋកម្មជាប្រព័ន្ធ ការលាងលុយ ការផ្គត់ផ្គង់អាវុធប្រល័យលោក ការជួញដូរគ្រឿងញៀន និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ ការបំផ្លាញចោលមូលដ្ឋានភេរវករ ប្រយុទ្ធប្រឆាំងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត និងបណ្តាញសង្គម ក៏ដូចជា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ដោយពួកភេរវករ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា-ឥណ្ឌា បានអះអាងថា អ្នកដែលបានប្រព្រឹត្ត ញុះញង់ រៀបចំ និងគាំទ្រអំពើភេរវកម្ម ត្រូវតែប្រឈមមុខនឹងការទទួលខុសត្រូវ និងទទួលការផ្តន្ទាទោស ហើយបានសង្កត់ធ្ងន់លើតួនាទីកណ្តាល និងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។
កម្ពុជា-ឥណ្ឌា បានទទួលស្គាល់ថា យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្មជាសាកលរបស់អង្គការសហប្រជាជាតិ គឺជាឧបករណ៍របស់ពិភពលោកតែមួយគត់ ដែលនឹងពង្រឹងដល់ការខិតខំប្រឹងប្រែងថា្នក់ជាតិ តំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ ថ្នាក់ដឹកនាំទាំងពីរអំពាវនាវឲ្យមានការអនុវត្តឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព នូវសេចកី្តសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្មទូទាំងពិភពលោកផងដែរ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពធ្វើការរួមគ្នា និងជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងការបេ្តជ្ញាចិត្ត និងយុទ្ធសាស្ត្រថី្មរបស់ពិភពលោកសម្រាប់ប្រយុទ្ធប្រឆាំងភេរវកម្ម ទប់ស្កាត់បណ្តាញហិរញ្ញវត្ថុភេរវករ និងសកម្មភាពភេរវកម្ម ព្រមទាំងបដិសេធមិនឲ្យភេរវករមានជម្រកសុវត្ថិភាពឡើយ ហើយបានអំពាវនាវឲ្យមានការអនុម័ត ឆាប់រហ័សនូវ អនុសញ្ញាទូលំទូលាយស្តីពីភេរវកម្មអន្តរជាតិ (Comprehensive Convention on International Terrorism, CCIT)។
សេចក្តីប្រកាសរួមកម្ពុជា-ឥណ្ឌា បានបន្ថែមថា ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់អំពីការទទួលខុសត្រូវរបស់បណ្តារដ្ឋទាំងអស់ ក្នុងការទប់ស្កាត់បណ្តាញផ្តល់ហិរញ្ញវត្ថុភេរវករ និងសកម្មភាពភេរវកម្មលើទឹកដីខ្លួន។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាទៀតថា ភេរវកម្មមិនអាចប្រើប្រាស់ជាឧបករណ៍នៃគោលនយោបាយរដ្ឋ ដើម្បីជំរុញគោលបំណងនយោបាយដ៏ចង្អៀតចង្អល់នោះឡើយ។ ថ្នាក់ដឹកនាំទាំងពីរថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើហិង្សាប្រព្រឹត្តដោយក្រុមភេរវករទាំងអស់ និងបានអំពាវនាវឲ្យដាក់បញ្ចូលក្រុមភេរវករទាំងអស់ ក្នុងសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ៕