(សៀមរាប)៖ វិទ្យាស្ថានធនាគារិកឆ្នើមប្រចាំអាស៊ី (Asia Institution of Chartered Bank ) នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២០១៨ បានសហការ​គ្នា​ជាមួយធនាគារជាតិនៃកម្ពុជា ប្រគល់សញ្ញាបត្រកិត្តិយស Honorary Fellowship ជូនដល់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ ជាបេក្ខជនដំបូងគេបង្អស់ ដែល​វិទ្យាស្ថានធនាគារិកឆ្នើមប្រចាំអាស៊ី បានប្រគល់ជូននូវសញ្ញាបត្រកិត្តិយសធនាគារិកឆ្នើមនេះ។

កត្តា​ដែលបណ្ដាលឲ្យលោក​ ជា ចាន់តូ ទទួលបានសញ្ញាបត្រនេះ ដោយសារតែលោកជាបុគ្គលម្នាក់ ដែលមានទស្សនៈវិស័យ​វែងឆ្ងាយ មានស្នាដៃ​ដឹកនាំ​ល្អប្រសើរ និងមានការលះបង់ខ្ពស់ ក្នុងការរួមចមណែកអភិវឌ្ឍវិស័យធនាគារកម្ពុជា ឲ្យកាន់តែរីកចម្រើន​រហូតដល់បច្ចុប្បន្ន។

សញ្ញាបត្រកិត្តិយសនេះ ត្រូវបានប្រគល់ជូនផ្ទាល់ដៃពីសំណាក់លោក Azman Hashim ប្រធានវិទ្យាស្ថានធនាគារិកឆ្នើមប្រចាំអាស៊ី និងមានការចូលរួម ធ្វើសាក្សីពីសំណាក់លោក Muhammad bin lbrahim ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី។

សញ្ញាបត្រកិត្តិយសនេះ ធនាគារិកឆ្នើមនេះ ត្រូវបានប្រគល់ជូនបុគ្គល ដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់​ជាតិ និងអន្ដរជាតិ​អំពីស្នាដៃដឹកនាំល្អ និងការរួមចំណែកដល់ការអភិវឌ្ឍន៍នៃវិស័យធនាគារ។

នាឱកាសប្រគល់សញ្ញាបត្រនេះ លោក Azman Hashim បានថ្លែងកោតសសើរ​អំពីភាពជាអ្នកដឹកនាំ ប្រកបដោយទស្សនៈវែងឆ្ងាយរបស់លោក ជា ចាន់តូ ដែលបានធ្វើឲ្យវិស័យ​ធនាគារ ក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំ។ ស្ថិតក្រោមការដឹកនាំប្រកបដោយសញ្ញាញាណ និងគំនិតច្នៃប្រឌិតខ្ពស់របស់លោក ជា ចាន់តូ ក្នុងនាមជាទេសាភិបាលធនាគារ​ជាតិនៃកម្ពុជា កំណែទម្រង់ជាច្រើន​ក្នុងវិស័យធនាគារត្រូវរៀបចំឡើង ដែល​បានធ្វើឲ្យវិស័យ​ធនាគារកម្ពុជា រីកចម្រើន​ជឿនលឿនយ៉ាងឆាប់រហ័ស និងមានសមាហរណកម្មកាន់តែខ្ពស់ក្នុងតំបន់​ និងអន្ដរជាតិ។

លោក ជា ចាន់តូ បានលើកឡើងថា ការទទួលបានសញ្ញាបត្រនេះជាការបង្ហាញ ពីការរួមចំណែកខិតខំប្រឹងប្រែងបំពេញកិច្ចការងារដ៏​សកម្មកន្លងមក របស់មន្រ្ដី-បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជាទាំងអស់។ វិស័យធនាគារ​កម្ពុជា​ បានរីកចម្រើនលូតលាស់ យ៉ាងឆាប់រហ័ស​ចាប់តាំងពីបានបង្កើតឡើវិញ​ក្នុងឆ្នាំ​១៩៧៩។

លោកបានបញ្ជាក់ទៀតថា វិស័យធនាគារជាតិនៃកម្ពុជា ​នៅតែបន្ដផ្ដោតលើការ​ពង្រឹងវិស័យធនាគារ កសាងធនធានមនុស្ស ដែលប្រកបដោយ​ទេសកោសល្យ​ និងលើកម្ពស់បរិយាប័ន្ន​ហិរញ្ញវត្ថុ ទន្ទឹមនឹងការរក្សា​ស្ថិរភាពហិរញ្ញវត្ថុ ដើម្បីរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច​ប្រកបដោយចីរភាព។ ការប្រគល់សញ្ញាបត្រកិត្តិយសនេះ បានរួមចំណែករឹតចំណងកិច្ចសហប្រតិបត្តិការ រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា​ឲ្យកាន់តែមានភាពស្និតស្នាលថែម​មួយកម្រិតទៀត។

ទន្ទឹមនោះ ការប្រគល់សញ្ញាបត្រកិត្តិយសនេះ បានផ្ដល់ឱកាស​ដល់ភាគីទាំងពីរ ដើម្បីពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើ ការអភិវឌ្ឍវិជ្ជាជីវៈ ក្នុងវស័យធនាគារ ដែលជាកត្តាចាំបាច់ក្នុងការជំរុញ ឲ្យវិស័យនេះបន្ដទទួលបានការរីកចម្រើន​ប្រកបដោយចីរភាព៕