(កណ្តាល)៖ ប្រជាពលរដ្ឋនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បានចោទប្រកាន់ក្រុមអាជ្ញាធរមូលដ្ឋានថា បានឃុបឃិតគ្នាលក់ដីប្រឡាយរំដោះទឹក សាធារណៈឲ្យទៅយោធាម្នាក់ ជាឈ្មួញទិញដីពុះឡូតិ៍លក់ ក្រោមរូមភាពដាក់លូទំហំ៥តឹក រួចចាក់ដី លុបពីលើធ្វើផ្លូវចូលទីតំបន់ដីពុះឡូតិ៍។

ប្រជាពលរដ្ឋបន្ថែមទៀតថា ប្រឡាយសាធារណៈ ដែលដូនតាពួកគាត់ប្រើប្រាស់តាំងពី មុនសម័យប៉ុលពតមកនោះ មានទំហំទទឹងជិត៥ម៉ែត្រ និងបណ្តោយរាប់រយម៉ែត្រ ត្រូវបានស្តាររៀងរាល់ឆ្នាំ ប្រើដើម្បីរំដោះទឹកជំនន់រដូវវស្សា កុំឲ្យជន់លិចដំណាំស្រូវវស្សា របស់ពួកគាត់រាប់រយហិកតា។

ប៉ុន្តែមកដល់ពេលនេះ ប្រឡាយសាធារណៈនេះ ត្រូវបានលោក ស្រេង សាយ ជាមេភូមិតាគោក និងលោក អ៊ី កាវិន ជាមេឃុំឈ្វាំង បានអនុញ្ញាតឲ្យមន្ត្រីយោធាម្នាក់ លុបដីធ្វើផ្លូវចូលទៅក្នុង ដីពុះឡូតិ៍លក់ ដោយបង្កប់លូ ទំហំ៥តឹក ដើម្បីជំនួសឲ្យប្រឡាយចាស់ដែលមានទំហំជិត៥ម៉ែត្រ។

ទាក់ទងបញ្ហានេះលោក ស្រេង សាយ មេភូមិតាគោក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកធ្វើអ្វីគោរពតាមច្បាប់ហើយរឿងឲ្យថៅកែដីឡូតិ៍ ពុះលក់លុបប្រឡាយសាធារណៈ ទំហំជិត៥ម៉ែត្រ ដាក់លូ៥តឹក ដើម្បីលុបដីធ្វើផ្លូវចូលដីគេនោះ គឺលោកជាអ្នកឯកភា ជាមួយលោក អ៊ី កាវិន ជាមេឃុំឈ្វាំង។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ី កាវិន មេឃុំឈ្វាំង បានប្រាប់អ្នកសារព័ត៌មានថា លោកជាអ្នកឯកភាពឲ្យថៅកែដីពុះដីឡូតិ៍ដែលមានទីតាំង នៅតាមបណ្តោយផ្លូវភ្នំបាសិទ ស្ថិតក្នុងភូមិតាគោក នោះមែន គឺដោយសារថៅកែដីនោះ សន្យាថា ដីឡូបង្កប់រំដោះទឹកទំហំ៨តឹក ចំនួន២ជួរ ដែលអាចរំដោះទឹកជំនន់រដូវវស្សា កុំឲ្យលិចលង់សន្ទងប្រជាពលរដ្ឋបាន។

លោកមេឃុំរូបនេះ បានន្ថែមថា បើមានប្រជាពលរដ្ឋ តវ៉ានោះលោកនឹងមិនអនុញ្ញាតឲ្យថៅកែដីនោះ ធ្វើបានទេ។

ចំណែកលោក តាំង ម៉េងលាង អភិបាលស្រុកពញាឮ បានថ្លែងថា ចំពោះរឿង អាជ្ញាធរមូលដ្ឋានលោកបើកដៃ ឲ្យថៅកែទិញដីឡូតិ៍ពុះលក់ លុបប្រឡាយ សាធារណៈនោះលោកអត់បានដឹងទេតែលោកនឹងសួរទៅលោក អ៊ី កាវិន មេឃុំឈ្វាំង ពាក់ព័ន្ធនឹងរឿងនេះ។

បើយោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លាន ទៅ៥០លានរៀល និងដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ។

សូមបញ្ជាក់ថា សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយទឹកដើម្បីចូលរួម ចំណែកអភិវឌ្ឍវិស័យ ធារាសាស្ត្រ តាមរយៈការស្តារ និងជីកប្រឡាយទឹកជូនប្រជាកសិករ ទូទាំងប្រទេសតែបែរជាអាជ្ញាធរមូលដ្នានឃុំឈ្វាំង ប្រឹងប្រែងបំផ្លាញកិច្ចខិតខំ របស់សម្តេចទៅវិញ៕