(ភ្នំពេញ)៖ នៅថ្ងៃអង្គារ​ ១៣រោច​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី ១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៨ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១នៃកម្ពុជា​ និងជាប្រធានកាកបាទក្រហមកម្ពុជា បានដង្ហែព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី​ប្រោះព្រំកម្មវិធី​ «បំបែកឯតទគ្គកម្ម​ ក្រមាវែងជាងគេ​ នៅលើពិភពលោក»​ ស្ថិតនៅវាលព្រះមេរុ​ រាជធានីភ្នំពេញ។

កម្មវិធី «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេនៅលើពិភពលោក» គឺជាសក្ខីភាពមួយ ក្នុងចំណោមលទ្ធភាពដែលប្រជាជាតិខ្មែរអាចធ្វើអ្វីៗរួមគ្នាជាមួយគ្នា និងរួមគ្នាទាំងអស់គ្នា ក្នុងស្មារតី «ជឿថាខ្មែរធ្វើបាន»

កម្មវិធីនេះមានគោលដៅ ៖
* លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិតាមរយៈការចូលរួម និងរួមគ្នាបង្កើតស្នាដៃមួយ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដែលប្រជាជាតិខ្មែរទាំងមូលនឹងដឹកនាំ ហើយធ្វើជាម្ចាស់នៃស្នាដៃនេះ។

* បង្កបរិយាកាស រួមចំណែកពីប្រជាពលរដ្ឋទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ជាមួយក្រមា ដែលមានភាពសាមញ្ញ និងជិតស្និទ្ធបំផុតក្នុងជីវិតខ្មែរ និងជាអត្តសញ្ញាណជាតិខ្មែរ។

* ជំរុញសាមគ្គីភាព ឯកភាពជាតិ ក្នុងស្មារតី “ជឿថាខ្មែរធ្វើបាន” ក្រោមដំបូលនៃការរួមគ្នាបង្កើតស្នាដៃដ៏ធំមួយ និងដែលបន្តបង្កើតស្នាដៃថ្មីៗដទៃទៀតសម្រាប់មនុស្សជំនាន់ក្រោយ។

យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាត ក្រហម លាយសរ នឹងបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រព្រឹត្តទៅ នៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ ៕