(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាដួលសន្លប់របស់កម្មករនិយោជិត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បាននិងកំពុងរៀបចំជាសេចក្ដីប្រកាសរួមមួយ ដើម្បីយកទៅអនុវត្តក្នុងការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ដួលសន្លប់នេះ។ នេះបើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។

រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីរកឲ្យឃើញនូវករណីដួលសន្លប់ មុនឈានទៅទប់ស្កាត់ និងលុបបំបាត់ឲ្យបានទាំងស្រុង។

លោករដ្ឋមន្ត្រីបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឲ្យក្រសួងពាក់ព័ន្ធ សហការគ្នាពិនិត្យមើលបាតុភាពដួលសន្លប់នេះ ថាមកពីបញ្ហាអ្វីពិតប្រាកដ។ ដូច្នេះហើយ ដើម្បីដោះស្រាយករណីដួលសន្លប់របស់កម្មករនិយោជិត ក៏ដូចជាអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ទើបក្រសួងការងារ និងក្រសួងសុខាភិបាល រួមនឹងភាគីពាក់ព័ន្ធដទៃទៀត បាននិងកំពុងរិះរកវិធីដោះស្រាយ ដើម្បីទប់ស្កាត់ និងលុបបំបាត់គ្រោះថ្នាក់ដួលសន្លប់នោះទាំងស្រុង។

លោកបានបន្តថា អង្គប្រជុំបានពិនិត្យមើលករណីដួលសន្លប់ នាពេលកន្លងមក និងវិភាគពីបញ្ហាបច្ចេកទេស ចិត្តសាស្រ្តសង្គម វេជ្ជសាស្ត្រមួយចំនួន ដើម្បីប្រមូលធាតុចូល និងផ្តើមនូវវិធានការទប់ស្កាត់ ហើយតាមរយៈកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានបង្កើតនូវក្រុមការងារបច្ចេកទេសពិសេសមួយ មានលោករដ្ឋមន្ត្រីដឹកនាំដោយផ្ទាល់ មានក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ មានសហជីព និយោជក អង្គការសុខភាពពិភពលោក អង្គការ ILO ចូលរួមជាដៃគូសហការ ហើយមានក្រុមបច្ចេកទេសមួយទៀត ដែលជាសេនាធិការផ្តល់ការសិក្សាស្រាវជ្រាវផ្នែកបច្ចេកទេស ក្នុងនោះមានរដ្ឋលេខាធិការក្រសួងការងារ និងរដ្ឋលេខាធិការក្រសួងសុខាភិបាល ជាសហប្រធានដឹកនាំការងារនេះ លើផ្នែកបច្ចេកទេស និងផ្តល់យោបល់ ថាតើត្រូវធ្វើយ៉ាងណាដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ករណីដួលសន្លប់នេះទាំងស្រុង។

លោកបានបន្តថា ក្រសួងការងារ និងក្រសួងសុខាភិបាល បាននិងកំពុងរៀបចំសេចក្ដីប្រកាសរួម ដោយកំណត់នូវបទប្បញ្ញត្តិមួយចំនួន ដើម្បីយកទៅអនុវត្តលើការងារទប់ស្កាត់បញ្ហាដួលសន្លប់។ ក្រៅពីនេះ មានការបង្កើននូវកិច្ចប្រជុំផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យកម្មករនិយោជិត មានការប្រុងប្រយ័ត្ន បង្កើនវិធានការអនុវត្តច្បាប់ទាក់ទងទៅនឹងក្រុមពិនិត្យសុវត្ថិភាព អនុវត្តពាក្យស្លោក «សុវត្ថិភាពជាចម្បង» បង្កើនការចុះធ្វើអធិការកិច្ចការងារ ធានានូវអនាម័យ និងសុវត្ថិភាពការងារនេះនៅកន្លែងធ្វើការ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា មូលហេតុសំខាន់បណ្តាលឲ្យមានករណីដួលសន្លប់ រួមមាន៖ កត្តាគីមី កត្តារូបសាស្ត្រ កត្តាចិត្តសាស្ត្រសង្គម កត្តារៀបចំប៉ុស្តិ៍ការងារ កត្តាមេកានិច កត្តាជីវសាស្ត្រ លក្ខខណ្ឌការងារជាដើម៕