(ព្រះសីហនុ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ហត្ថាកសិករ លីមីតធីត បានរៀបចំមហាសន្និបាតលើកទី២១ នៅសណ្ឋាគារឆ្នេរឯករាជ្យ នៃទីរួមខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍នេះ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និង​ផ្សព្វផ្សាយផែនការ​យុត្តិសាស្រ្ត​​សម្រាប់​ឆ្នាំ២០១៨។

កម្មវិធីប្រជុំប្រចាំឆ្នាំនេះ មានការអញ្ចើញចូលរួម​ពីប្រធានក្រុមប្រឹក្សាភិបាល ប្រធានអគ្គនាយក គណៈគ្រប់គ្រងជាន់ខ្ពស់ ថ្នាក់គ្រប់គ្រងនៅការិយាល័យកណ្តាល​និង​សាខាទូទាំង២៥ ខេត្តនិង​រាជធានី ព្រមទាំង​បុគ្គលិក​ឆ្នើមផងដែរ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានមតិសំណេះសំណាល​បើកកម្មវិធី​ ដោយបាន លើកឡើងពីសមិទ្ធផលជាក់ស្តែង សម្រេចបានក្នុងឆ្នាំ២០១៧កន្លងមកនេះ។ លោកបញ្ជាក់ថា ហត្ថាកសិករ​ សម្រេចបានគោលដៅស្ទើរគ្រប់ផែនការទាំងអស់សម្រាប់​ឆ្នាំ២០១៧ កន្លងទៅនេះ ដែលជាជាលទ្ធផល ​ចំនួន​អតិថិជនឥណទាន​បានកើន​ឡើង​រហូត​ដល់ ១២៣,៦១៨ ជាមួយផលប័ត្រឥណទាន ៥៧៦ លានដុលា្លរ និងអតិថិជនប្រាក់​បញ្ញើសន្សំសរុបមានចំនួន២២៥,៩៦០ នាក់ ជាមួយ​នឹង​សមតុល្យ​ប្រាក់​បញ្ញើសន្សំ​ ៣៦៧លានដុល្លារ​ គិត​ត្រឹម​ចុង​ខែធ្នូ ឆ្នាំ២០១៧។

លោកប្រធានអគ្គនាយក បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករ ទាំងអស់ដែលបានដុតដៃដុតជើង លះបង់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការ​ពាំនាំ​​លទ្ធផល​ដ៏ល្អ​ត្រចះត្រចង់​នេះ។​ លោកបន្តថា «ជោគជ័យដែល​យើង​ទទួល​បានក្នុងឆ្នាំ២០១៧នេះ គឺ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យនោះទេ វាប្រាកដណាស់បានមកពីការខិតខំប្រឹងប្រែង របស់បុគ្គលិកទាំងអស់ ហើយជាពិសេសក៏បានមកពីការគាំទ្រប្រកបដោយភាពជឿជាក់ពីភាគទុនិករបស់យើង គឺធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥នៃព្រះរាជាណាចក្រថៃ»

លោក Dan Harsono ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានថ្លែង និងមតិអបអរសាទរដល់ គណៈគ្រប់គ្រង និងបុគ្គលិក ទាំងអស់ដែលសម្រេចបាននូវផ្លែផ្កាគួរជាទី​មោទន សម្រាប់​ឆ្នាំ២០១៧នេះ។ លោកលើកឡើងថា «ក្នុង​នាម​ជាប្រធាន​ក្រុម​ប្រឹក្សាភិបាល​ យើង​ពិត​ជា​មាន​មោទនភាព​ណាស់ ដោយ​ឃើញ​ហត្ថាកសិករ ​នៅ​តែ​បន្ត​ការ​រីកចម្រើន​ទៅ​មុខជានិច្ច ដែល​មិនបាន​ធ្វើ​ឲ្យ​ធនាគារ​អាណាព្យាបាល​ខក​ចិត្ត​ឡើយបន្តិចណាឡើយ»

លោកបាន​បន្ថែមថា «យើង​នឹង​បន្តសហការ និងគាំ​ទ្រ​លើ​គ្រប់​ផ្នែក​ទាំង​អស់​ដែល​ហត្ថាកសិករ​ត្រូវការ ដើម្បី​ធ្វើដំណើទៅរកភាពជោគជ័យទាំង​អស់​គ្នា និង​ដើម្បី​សម្រេច​តាម​មហិច្ចតា ព្រម​ទាំង​ផែនការ​យុត្តិសាស្រ្ត​ដែល​បាន​កំណត់»​

ចុងបញ្ចប់នៃកម្មវិធី ក៏មានការប្រគល់នូវលិខិតសរសើរ ដល់​បុគ្គលិក​ដែល​បាន​បម្រើ​ការងារ​យូរឆ្នាំ ព្រម​ទាំង​ការ​ប្រ​គល់​រង្វាន់លើកទឹកចិត្ត ដល់សាខាឆ្នើម និងបុគ្គលិកឆ្នើមផងដែរ ៕