(កំពត)៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពត រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានបើកប្រតិបត្តិការចុះស្ទាក់ចាប់ត្រួតពិនិត្យរថយន្តធន់ធំប្រភេទដឹកទំនិញចំនួន៤៤៦គ្រឿង ដោយរកឃើញរថយន្តចំនួន១៥គ្រឿង ដែលបានល្មើសច្បាប់ គឺ​តទ្រុងខុសបច្ចេកទេស ហើយត្រូវបានក្រុមការងារ​កាត់ចោលនៅនឹងកន្លែងតែម្តង។ នេះបើតាមអភិបាលខេត្តកំពត លោក ជាវ តាយ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា «ចាប់តាំងពីវេលាម៉ោង០០យប់ ថ្ងៃទី១០ រហូតមកដល់​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះ បានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានត្រួតពិនិត្យរថយន្ដ ចំ​នួន​៤៤៦គ្រឿង និងរកឃើញល្មើស១៥គ្រឿង»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថាចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើ ឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែង ផងដែរបើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុងហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ៕