(ប៉ៃលិន)៖ ដើម្បីការពារនៅអាយុជីវិត និងបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលកើតមានឡើងចំពោះប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន អាជ្ញាធរខេត្ត បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅតែបន្តចុះចែកមួកសុវត្ថិភាព ជូនពួកគាត់ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបន្តទៀត។

ការចុះបន្តចែកមួកសុវត្ថិភាពខាងលើប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នាបរិវេណវិមានឯករាជ្យខេត្តប៉ៃលិន ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយមានចូលរួមពីមន្ត្រីសមត្ថកិច្ចចរាចរណ៍ខេត្តប៉ៃលិនផងដែរ។

ប្រជាពលរដ្ឋ ដែលទៅទទួលមួកសុវត្ថិភាព នាឱកាសនោះ បានលើកឡើងដោយទឹកមុខសប្បាយរីករាយថា ពួកគាត់គាំទ្រនូវយុទ្ធនាការ ការចែកមួកសុវត្ថិភាព របស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសាធារណការខេត្ត ដែលតែងតែយកចិត្តទុកដាក់ ក្នុងការជួយផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឲ្យពួកគាត់អាចបញ្ជៀសបាននូវការគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឈានដល់ការបាត់បង់អាយុជីវិត។

ពួកគាត់បានបន្តថា ទន្ទឹមនិងការទទួលបានមួកសុវត្ថិភាពនេះដែរ ពួកគាត់នឹងជួយផ្សព្វផ្សាយបន្តទៅទៀត ទៅដល់ប្រជាពលរដ្ឋ ដែលនៅក្នុងភូមិរបស់គាត់ ដើម្បីឲ្យអ្នកភូមិ បានយល់ដឹងពីការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាលថ្ងៃ។

ជាមួយគ្នានេះ ពួកគាត់និងអនុវត្តន៍បាននូវការពាក់មួកសុវត្ថិភាពជាប្រចាំ ដើម្បីការពារអាយុជីវិតពួកគាត់ ហើយក៏សំណូមដល់ពលរដ្ឋ ដែលមិនបានទទួលមួកសុវត្ថិភាព សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសពេលបើកបរម៉ូតូ ទោះជិតក្តី ឆ្ងាយក្តី ត្រូវពាក់មួកសុវត្ថិភាពផងដែរ។

លោក ផាន់ ចាន់ថុល អភិបាលរងខេត្តប៉ៃលិន បានឲ្យដឹងថា ការចែកមួកសុវត្ថិភាព នាពេលនេះ គឺដើម្បីផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជួនដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ ពាក់ព័ន្ធនូវពាក់មួកសុវត្ថិភាព។

លោកបន្តថា «ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិតយើងបានម្នាក់ ដូច្នោះសូមកុំបើកបរ ដោយមិនពាក់មួកសុវត្ថិភាពឲ្យសោះ ហើយកន្លងមកអាជ្ញាធរខេត្ត ក៏មន្ត្រីជំនាញពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់សហគមន៍ សាលារៀន កាស៊ីណូ កម្មករ កម្មការិនី ក្នុងខេត្តប៉ៃលិនម្តង ទៅពីរដងរួចមកហើយដែរ ដូច្នោះពេលនេះយើង នៅតែបន្តទៀត ជាមួយនិងការឆ្លើយសំនួរដ៏ត្រឹមត្រូវ ទើបយើងទទួលបានមួកសុវត្ថិភាពផងដែរ»។

លោកក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកបញ្ជាយានយន្ត មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕