(ភ្នំពេញ)៖ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា បានរងនូវភាពអាម៉ាស់ជាថ្មីម្តងទៀត បន្ទាប់ពីខ្លួនមិនទទួលបានការគាំទ្រទាល់តែសោះពីលោក ចាន់ វាសនា អតីតប្រធានគណបក្សសង្រ្គោះជាតិ​ ប្រចាំនៅទីក្រុងឡុងប៊ិច ក្នុងការវេទិកាសាធារណៈនៅទីក្រុងនេះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Brady N Yong សកម្មជនម្នាក់របស់ អតីតគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក បានប្រកាសនៅលើទំព័រ ​Facebook ថា «វេទិកាសាធារណៈជួបជាមួយ កញ្ញា មនោវិទ្យា នៅក្រុងឡុងប៉ិច ជាសញ្ញាថ្មីមួយទៀត ដែលធ្វើឱ្យគណបក្សសង្គ្រោះទាំងមូល មានការបែកបាក់ផ្ទៃក្នុង ដោយលោក ចាន់ វាសនា ប្រធាននៅឡុងប៉ិចប្រកាសមិនគាំទ្រ»។

បើតាមការអះអាងរបស់សកម្មជនផ្សេងៗបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោក ចាន់ វាសនា ប្រកាសមិនគាំទ្រកម្មវិធីរបស់កញ្ញា កឹម មនោវិទ្យា ព្រោះវិន័យក្នុងរចនាសម្ព័ន្ធ អតីតបក្សសង្រ្គោះជាតិ បើសមាជិកណាមួយចេញទៅធ្វើទស្សនកិច្ចនៅទីណាក៏ដោយ ត្រូវទៅដោយមានអតីតតំណាងរាស្ត្រ អមជាមួយហោចណាស់ម្នាក់ ហើយថា កូនស្រីលោក កឹម សុខា មិនអាចធ្វើអ្វីតែម្នាក់ឯងបានទេ។ ក្រុមអតីតសកម្មជន CNRP ចាត់ទុកថា សកម្មភាពរបស់ កញ្ញា កឹម មនោវិទ្យា ពេលនេះកំពុងធ្វើឱ្យដួងព្រលឹងរបស់ អតីតគណបក្សសង្រ្គោះជាតិ បែកបាក់ថែមទៀត។

ពាក់ព័ន្ធករណីនេះ Fresh News មិនអាចសុំការបំភ្លឺពីកញ្ញា កឹម មនោវិទ្យា បាននៅឡើយទេ។