(ភ្នំពេញ)៖ ស្ពានអាកាស និងផ្លូវក្រោមដីមួយកន្លែងទៀតស្ថិតនៅរង្វង់មូលចោមចៅគ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនពេលប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានលើកឡើងថា ការបើកការដ្ឋានសាង់សង់ផ្លូវអាកាស និងស្ពានក្រោមដី នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ដោយមើលឃើញថា ក្នុងពេលបច្ចុប្បន្នស្ថានភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅចំណុចរង្វង់មូលចោមចៅ មានការកកស្ទះចរាចរណ៍ច្រើន ហើយចរាចរណ៍នៅផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវចោមចៅ និងមហាវិថីសហព័ន្ធរុស្ស៊ី ចេញ ចូលមករាជធានីភ្នំពេញ មានការកកស្ទះខ្លាំងណាស់ផងដែរ។

លោកបានបន្ដថា សម្រាប់ថ្ងៃអនាគត តំបន់ចោមចៅនេះ បើសិនជាមិនមានការគិតគូរក្នុងលទ្ធភាព ដោះស្រាយបញ្ហាចរាចរណ៍ គឺរឹតតែមានការកកស្ទះច្រើនជាងពេលបច្ចុប្បន្ននេះថែមទៀត។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញគិតគូរទៅលើការស្ថាបនាសាងសង់ស្ពានអាកាសចោមចៅ ដែលជាគម្រោងបានសិក្សាអស់រយៈពេលជាច្រើនខែកន្លងមកហើយផងដែរ។

លោកបានអះអាងថា តាមរយៈកិច្ចប្រជុំគឺបានបានឯកភាពទៅលើជម្រើសក្នុងការពិចារណាលើគម្រោងទាំង៧ ដែលបានបានគិតគូរពីខាងដើម ហើយបានឯកភាពយកជម្រើសមួយចុងក្រោយ ដែលក្នុងជម្រើសនោះមានផលប៉ះពាល់តិចតួចបំផុត ក្នុងជម្រើសផ្សេងៗ ហើយអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់ចោមចៅបានផងដែរ។

សូមបញ្ជាក់ថា ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញបានសាងសង់ស្ពានអាកាសចំនួន ៤រួចហើយ រួមមាន៖ ១. ស្ពានអាកាសក្បាលថ្នល់, ២. ស្ពានអាកាសស្ទឹងមានជ័យ, ៣. ស្ពានអាកាស៧មករា, ៤. ស្ពានអាកាស និងផ្លូវក្រោមដី៥មករា ខណៈស្ពានអាកាសផ្សារដីហ៊ុយកំពុងសាងសង់ជិតរួចរាល់ផងដែរ៕