(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា​ ការដោះដូរទំនិញរវាងកម្ពុជា-អាមេរិកនៅឆ្នាំ២០១៧ កើនឡើងគួរឲ្យកត់សម្គាល់បើធៀបជាមួយឆ្នាំ២០១៦។ របាយការណ៍ បានបញ្ជាក់ថា នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបាន ៣,៤៦៤លានដុល្លារអាមេរិក កើនឡើងជិត ១០ភាគរយ បើធៀបឆ្នាំ២០១៦ ដែលមានតែ ៣,១៧៤លានដុល្លារអាមេរិក។

របាយការណ៍បានបង្ហាញថា ប្រទេសកម្ពុជា​បាននាំ​ចេញ​មុខទំនិញ​ទៅលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧មានតម្លៃទឹកប្រាក់ ៣,០៦៤លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ៨.៨៨ភាគរយ ពីចំនួនទឹប្រាក់ ២.៨១៤លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៦។

ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាម៉េរិកភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ព្រម​ទាំង​ប្រភេទ​ទំនិញកាបូប​យួរសម្រាប់អ្នកដំណើរជាដើម។ ដោយឡែកការនាំចូលមុខ​ទំនិញ​នានា​របស់​កម្ពុជា ពីសហរដ្ឋ​អាមេរិក​វិញមានតម្លៃទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាម៉េរិក បានកើនឡើង ១១ភាគរយ ពីចំនួនទឹកប្រាក់​ ៣៦០លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៦។

ចំពោះមុខទំនិញ​សំខាន់ៗដែលកម្ពុជានាំចូលពី​សហរដ្ឋអាមេរិក​មាន​ដូចជា៖​ គ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​ធំបំផុត​​លំដាប់ទី២​សម្រាប់កម្ពុជា​បន្ទាប់​ពីទីផ្សារ​សហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិក​បានស្រូប​យក​ក្នុងរង្វង់​ពី​ ២០​ ទៅ៣០​ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។

នៅឆ្នាំ២០១៧ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពន្ធទាំងស្រុងដល់ប្រទេសកម្ពុជា សម្រាប់​ការនាំចូលប្រភេទ​កាបូបយូរអ្នកដំណើរ ចូលទៅកាន់ទីផ្សារអាមេរិក ដែលនេះគឺជា​ផ្នែកមួយជំរុញឲ្យការនាំ​ចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក មានសន្ទុះកើនឡើង៕