(ប៉ៃលិន)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជាថ្ងៃជួបជុំសែនព្រេន សម្រាប់ពលរដ្ឋអ្នកជាប់សែស្រឡាយចិន-វៀតណាម ជាមួយនឹងដំណើរកម្សាន្តទៅតំបន់ទេសចរណ៍នានាយ៉ាងច្រើនកុះករ ក្នុងនោះខេត្តប៉ៃលិន ក៏ជាទីរមនាដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែរ ហើយបើតាមមន្ទីរទេសចរណ៍ខេត្ត ក្នុងរយៈពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១ម៉ឺននាក់ បានទៅទស្សនានៅតាមរមណីដ្ឋាននានាក្នុងខេត្តដ៏តូចនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន លោកស្រី ស្រ៊ី ឌី បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ខេត្តប៉ៃលិនបានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ១ម៉ឺននាក់ ដែលបានទៅទស្សនានៅតាមរមណីយដ្ឋាន និងកន្លែងលំហែកម្សាន្តមួយចំនួន ដូចជា រមណីយដ្ឋានភ្នំយ៉ាត ទឹកធ្លាក់អូរតាវ៉ៅ រមណីដ្ឋានចំការខ្នុរ ភ្នំដំបង កុលាបប៉ៃលិន អាងជីងចក់ រហាត់ទឹក ទឹកជ្រោះព្រំដែន ស្ទឹងតារាម ស្ទឹងព្រំដែន ស្ទឹងកុយ ម្លប់សាវម៉ាវជាដើម។

លោកស្រីប្រធានមន្ទីរបានបន្តថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅលែងកម្សាន្តក្នុងរដូវចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០១៨នេះ មានចំនួន ១០,៣៤៨នាក់។

លោកស្រីបានបន្ថែមថា ចំពោះសេវាកម្មនៅរមណីយដ្ឋានចំការខ្នុរ មានកម្មវិធីយ៉ាងសប្បាយៗសម្រាប់ភ្ញៀវទេសចរ រីឯសុវត្ថិភាពចរាចរណ៍ក៏មានភាពល្អប្រសើរ ម្ហូមអាហារ និងកន្លែងស្នាក់មានតម្លៃសមរម្យ បង្គន់អនាម័យស្អាត ដោយម្ចាស់អាជីវកម្មបានសម្អាតជាប្រចាំ និងមានធុងសំរាមគ្រប់កន្លែងកម្សាន្តផងដែរ៕