(ភ្នំពេញ)៖ ​រយៈពេល​៤​ថ្ងៃ​ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម គិត​ចាប់ពី​ថ្ងៃ​ទី​១៥-១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៦៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៤៤នាក់ និងរបួសធ្ងន់-ស្រាល ៩១នាក់។ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

របាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម នៅឆ្នាំ២០១៨នេះ ថយចុះចំនួន ៨លើក បើធៀបនឹងរយៈពេល៤ថ្ងៃដូចគ្នានៅឆ្នាំ២០១៧ ហើយចំនួនអ្នករងរបួសបានថយចុះ ២៩នាក់ ផងដែរ។ តែអ្នកស្លាប់បានកើនឡើង ៩នាក់ទៅវិញ។

របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារការបើកបរលឿន ៣៣លើក, ដោយសារស្រវឹង ៨លើក, ដោយសារប្រជែង ៨លើក, ដោយសារមិនប្រកាន់ស្តាំ ៤លើក...។ ខេត្តដែលកើតគ្រោះថ្នាក់ច្រើនជាងគេ គឺខេត្តកំពង់ឆ្នាំង បានកើតគ្រោះថ្នាក់ចរាចរណ៍ ៩លើក បន្ទាប់មកខេត្តកណ្តាល កើតឡើងចំនួន ៥លើក។

ជាការកត់សម្គាល់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនេះ ការធ្វើចរាចរណ៍លើដងវិថីក៏មានសភាពមមាញឹកណាស់ផងដែរ ទាំងប្រជាពលរដ្ឋចិន-វៀតណាម កំពុងរកស៊ីនៅកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន-វៀតណាម បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាយ៉ាងច្រើនកុះករ៕