(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាប្លន់ និងលួចម៉ូតូ បានប៉ុនប៉ងលួចម៉ូតូហុងដាស្កូបពី១គ្រឿង ដែលជារបស់ប្រពន្ធនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែសំណាងអាក្រក់ត្រូវបានម្ចាស់ដឹងទាន់ ក៏បានដេញតាមចាប់ខ្លួន នាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើនោះឈ្មោះ ម៉ែន សុជាតិ ហៅ អាពេទ្យ អាយុ៤២ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតតប្រាកដ។ ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល៤ឆ្នាំកន្លះ កាលពីឆ្នាំ២០០៥ ពីបទប្លន់ប្រដាប់អាវុធ ពេលនេះនគរបាលដកហូត បានឧបករណ៏សម្រាប់កាច់សោរកម៉ូតូ២ដើម។

នៅមុនពេលឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងប៉ុស្ដិ៍បានល្បាតនៅមូលដ្ឋានមកដល់ចំណុចភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ក៏ឃើញសង្ស័យកំពុងឈររេរាតាមផ្លូវ និងប្រុងកាច់សោកម៉ូតូរបស់ប្រពន្ធមន្រ្តីនគរបាលម្នាក់ ប៉ុន្តែត្រូវបានម្ចាស់ឃើញទាន់ និងពេលនគរបាលល្បាតទៅដល់ ជនសង្ស័យបានរត់ ទើបកម្លាំងនគរបាលដេញតាមឃាត់ខ្លួន បានត្រួតពិនិត្យឃើញមានឧបករណ៍កាច់សោកម៉ូតូ នៅក្នុងហោប៉ៅខោ៕