(ភ្នំពេញ)៖ ការចាប់ជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ដើម្បីឲ្យត្រូវតាមអ្វីដែលពួកគេស្រឡាញ់ សមស្របទៅតាមបុគ្គលិកលក្ខណៈ និងត្រូវតាមតម្រូវការក្នុងទីផ្សារកាងារ គឺជារឿងសំខាន់សម្រាប់ប្អូនៗដែលកំពុងរៀននៅថ្នាក់វិទ្យាល័យ និងត្រៀមបន្តទៅថ្នាក់មហាវិទ្យាល័យ។

ដើម្បីផ្តល់ជាជំនួយដល់ប្អូនៗសិស្សថ្នាក់ទី១២ ក្នុងសម្រេចចិត្តជ្រើសរើសជំនាញសិក្សា បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ឲ្យបានត្រឹមត្រូវនោះ មជ្ឈមណ្ឌលការងារខេត្តសៀមរាប នៃទីភ្នាក់ងារជាតិ មុខរបរនិងការងារ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីអំពី «ការរៀបចំផែនការអាជីព និងការសិក្សា» ដល់សិស្សវិទ្យាល័យដំដែក ចំនួន១៣៤នាក់ នាថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨ ។

លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប លើកឡើងថា ការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ គួរត្រូវធ្វើឡើងដោយផ្អែកលើលក្ខណៈបច្ចេកទេសមួយចំនួនដូចជា៖ ការយល់ដឹងពីកត្តាផ្ទាល់ខ្លួន ដោយត្រូវពិនិត្យលើចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែលសក្តិសមសម្រាប់ការសិក្សាមុខវិជ្ជាផ្សេងៗ ជាជាងការរៀនតាមមិត្តភក្តិ ឬបងប្អូនជាដើម ដោយមិនបានស្វែងយល់ឲ្យច្បាស់ពីខ្លួនឯង និងទីផ្សារការងារ។

លោក សុខុន បន្ថែមថា ការរៀបចំសិក្ខាសាលាស្តីពីការផែនការអាជីព និងការសិក្សានេះគឺដើម្បីណែនាំដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ឲ្យចេះជ្រើសរើសមុខវិជ្ជាឯកទេស ឲ្យសមស្របសម្រាប់ពួកគាត់ ដែលនឹងបន្តទៅសិក្សានៅថ្នាក់មហាវិទ្យាល័យនាថ្ងៃអនាគត តាមរយៈការបំពេញកម្រងសំណួរចម្លើយ ដែលរៀបចំដោយទីភ្នាក់ងារមុខរបរ និងការងារ។ បន្ទាប់ពីឆ្លើយទៅនឹងកម្រងសំណួរហើយ ប្អូនៗសិស្សានុសិស្ស អាចដឹងអំពីចំណង់ចំណូលចិត្ត បុគ្គលិក្ខណៈ ព័ត៌មានទីផ្សារការងារដែលពាក់ព័ន្ធ និងតម្រូវការ ឬកង្វះខាតនៃប្រភេទជំនាញ ពីភាគីនិយោជក ពោលគឺអាចរៀនជំនាញណា ដែលទីផ្សារការងារកំពុងត្រូវការខ្លាំង និងមិនសូវមានអ្នកចាប់អារម្មណ៍ ដែលនឹងអាចបង្កើនភាពងាយទទួលបាន ការងារធ្វើបន្ទាប់ពីរៀនចប់។

ជាមួយគ្នានោះដែរ លោកអាំង តឹកឆាយ នាយករង វិទ្យាល័យដំដែក លើកឡើងថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមតម្រង់ទិស ដល់សិស្សានុសិស្ស ក្នុងថ្នាក់វិទ្យាល័យឲ្យ មានការសម្រេចចិត្តច្បាស់លាស់ មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ។ លោកបន្ថែមទៀតថា កន្លងមកការផ្តល់ការណែនាំ ដល់សិស្សានុសិស្ស ដែលកំពុងស្ថិតនៅ ក្នុងថ្នាលអប់រំចំណេះទូទៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងធ្វើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គឺធ្វើតាមទំលាប់ ពោលគឺតាមរយៈការណែនាំពីក្រុមគ្រួសារ បងប្អូន ឬញាតិមិត្តតែប៉ុណ្ណោះ គឺមិនមានក្បួនខ្នាតណាមួយឲ្យច្បាស់លាស់នោះទេ។ តែមកដល់ពេលនេះរាជរដ្ឋាភិបាលបានរៀបជាក្បួនខ្នាត និងមានសៀវភៅណែនាំដល់ពួកគាត់ឲ្យបានច្បាស់លាស់ គឺពិតជាបានជួយដល់ពួកគេឲ្យចាប់យកជំនាញអ្វីដែលពួកគេស្រឡាញ់ និងជោគជ័យក្រោយពួកគេប្រឡងបាក់ឌុបរួច។

សូមជម្រាបថា ការរៀបចំវគ្គបណ្តុះបណ្តាលពីផែនការអាជីព និងការសិក្សា ដល់សិស្សថ្នាក់ទី១២នេះ គឺយន្តការមួយរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តយ៉ាងសកម្ម ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការគាំទ្រ និងសហការយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាជំរុញដល់សិស្សានុសិស្ស អាចត្រៀមខ្លួនរួចជាស្រេចមុននឹងឈានទៅបន្តសិក្សា នៅថ្នាក់មហាវិទ្យាល័យ បន្ទាប់ពីពួកគាត់ប្រឡងបញ្ចប់ថ្នាក់ទុតិយភូមិ៕