(តាកែវ)៖ ស្រ្តីវ័យចំណាស់២នាក់បងប្អូន គ្មានទីពឹងពុំនាក់ហើយថែមទាំងមានជំងឺប្រចាំកាយដេកនៅមន្ទីរពេទ្យខេត្តទៀតនោះ ត្រូវបានលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក អឿង វណ្ណា អនុប្រធានសាលាដំបូងខេត្តតាកែវ និងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននាំយកអំណោយមួយចំនួន ទៅចែកជូនដល់លំនៅដ្ឋាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។

លោកមេភូមិត្រាំ បានឲ្យដឹងថា ស្រ្តីចាស់ជរាទាំង២នាក់បងប្អូននេះទី១ឈ្មោះ ង៉ែត វិត ជាបង និងឈ្មោះ ង៉ែត សាង ជាប្អូន។ លោកយាយទាំង២នាក់ មានវ័យជាង៧០ឆ្នាំ និងរស់នៅតែពីរនាក់បងប្អូន គ្មានកូនចៅរស់នៅជាមួយនោះទេ។ ការហូបចុកបាយទឹកត្រូវបានអ្នកភូមិ យកទៅឲ្យហើយនៅពេលឈឺត្រូវបានអ្នកជិតខាងយកទៅពេទ្យ។

បើតាមលោកមេភូមិ «សព្វថ្ងៃលោកយាយទាំង២នាក់ មានជំងឺខ្វះជាតិទឹក និងជំងឺបេះដូងហើយត្រូវដេកសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត»។
គួបញ្ចាក់ថា អំណោយដែលលោកព្រះរាជអាជ្ញា និងអនុប្រធានតុលាការ យកទៅចែកជួនដល់ស្រ្តីចាស់ជរាពីរនាក់បងប្អូនរួមមាន៖ មី ទឹកស៊ីអ៊ីវ នំប៉័ង នំប៉ាវ និងថវិកាចំនួន៤០ម៉ឺនរៀល៕