(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨តទៅ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា នឹងចុះត្រួតពិនិត្យ ការប្រើប្រាស់តែមប្រិ៍អាករប្រភេទថ្មី ​សម្រាប់បង់អាករពិសេសលើផលិតផលបារី តាមបណ្តាសហគ្រាសផលិតបារីក្នុងស្រុក, សហគ្រាសនាំចូលបារី, ដេប៉ូចែកចាយ, ស្តង់លក់បារីនៅតាមទីផ្សារ, ហាងលក់ទំនិញធំៗ និងផ្សារទំនើបនានាក្នុងរាជធានី និងតាមបណ្តាខេត្ត។

យោងតាមសេចក្ដីជូនដំណឹង របស់​អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា ​ការចុះត្រួតពិនិត្យ​តែមប្រិ៍អាករថ្មីនេះ ដោយសារតែនមានសហគ្រាសផលិតបារី អ្នកនាំចូលបារី អ្នកចែកចាយ និងអ្នកលក់បារី ក្នុងស្រុកមួយចំនួន មិនទាន់បានអនុវត្តត្រឹមត្រូវ នូវការបិទតែមប្រិ៍អាករប្រភេទថ្មីស្របតាមខ្លឹមសារ នៃសារាចរណែនាំលេខ០១៥ សហវ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦​ ស្តីពីការអនុវត្តការប្រើប្រាស់តែមប្រិ៍អាករ ប្រភេទថ្មី សម្រាប់បង់អាករពិសេសលើផលិតផលបារី ដែលកំណត់ឱ្យគ្រប់កញ្ចប់បារីនៅលើទីផ្សារមានបិទតែមប្រិ៍អាករប្រភេទថ្មីនេះ ចាប់តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងទៀតថា នេះជាការជូនដំណឹងមួយ ដើម្បីក្រើនរំឭកដល់សហគ្រាសផលិតបារី អ្នកនាំចូលបារី អ្នកចែកចាយ និងអ្នកលក់បារីក្នុងស្រុកទាំងអស់ ឱ្យមានការអនុវត្តពេញលេញ នូវការប្រើប្រាស់តែមប្រិ៍អាករប្រភេទថ្មី ស្របតាមសារាចរណែនាំខាងលើ មុនពេលអនុវត្តច្បាប់ទាំងស្រុង ចំពោះអ្នកប្រព្រឹត្តបទល្មើសដូចមានចែងក្នុងប្រការ ១៦ និងប្រការ ១៧ នៃប្រកាសលេខ១៤៨០ សហវ.ប្រក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ ប្រការ១៦ ស្តីពីទោសទណ្ឌនៃការមិនបិទតែមប្រិ៍អាករប្រភេទថ្មី និងប្រការ១៧ ស្តីពីការឃាត់ទុកនូវកញ្ចប់បារីដែលមិនបិទតែមប្រិ៍អាករប្រភេទថ្មី។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ទៀតថា «សូមប្រកាសជាព័ត៌មាន ដល់ម្ចាស់សហគ្រាសផលិត​, អ្នកចែកចាយ, អ្នកលក់បារី ក៏ដូចជាសាធារណជនទូទាំងប្រទេសឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ តទៅ មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ និងស្ថាប័ន ពាក់ព័ន្ធនឹងចុះត្រួតពិនិត្យនៅតាមបណ្តារោងចក្រ, ឃ្លាំងស្តុក, កន្លែងចែកចាយ និងកន្លែងលក់បារី ហើយប្រសិនបើការពិនិត្យឃើញកញ្ចប់បារី នៅមានបិទតែមប្រិ៍អាករប្រភេទចាស់ មិនមានបិទតែមប្រិ៍អាករ ឬបិទតែមប្រិ៍អាករក្លែងក្លាយ នោះនឹងទទួលរងនូវការរឹបអូសយក និងការអនុវត្តទោសទណ្ឌ»