(កណ្តាល)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មការចម្រុះ បានចុះទៅរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រ ហ្គាវ័ន្ត ដើម្បីលក់ឡៃឡុង បើកប្រាក់ខែជូនក្រុមកម្មករដើម្បីបញ្ចប់វិវាទរវាងកម្មករ និងភាគីរោងចក្រ ដែលបានចោទគ្នាទៅវិញទៅមក។

តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ទ្រព្យសម្បត្តិនៅក្នុងរោងចក្រ មានតម្លៃស្មើប៉ុន្មាននោះទេ។ មន្ត្រីនគរបាលដែលបានចូលរួមធ្វើកិច្ចការងារនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាលលោក សេង ឡុង នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា គណៈកម្មការចម្រុះបានរាប់ និងកំណត់ទ្រព្យសម្បត្តិ នៅក្នុងរោងចក្រទាំងមូល រួចបែងចែកថា តើទ្រព្យសម្បត្តិរបស់រោងចក្រប៉ុន្មាន និងអ្វីដែលសម្ភារក្រៅរោងចក្រ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងដីកាសម្រេចឲ្យរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រមួយនេះ តំណាងកម្មកររោងចក្រ ហ្គាវ័ន្ត (Gawon Apparel Co,ltd) ចំនួន៣១៦នាក់​ដែលមានទីតាំង ស្ថិតនៅផ្លូវជាតិលេខ២១​ ភូមិព្រែកសំរោង​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ក៏បានស្នើសុំឱ្យតុលាការខេត្តកណ្តាល លុបដីកានេះ ព្រមទាំងស្នើសុំអន្តរាគមន៍ឲ្យបើកច្រកចេញចូលរោងចក្រ ដើម្បីឱ្យពួកគាត់ដែលជាកម្មករបានចូលធ្វើការវិញ។

លិខិតរបស់ក្រុមកម្មករបានបញ្ជាក់ថា ដីកាសម្រេចលេខ៣៨៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧របស់តុលាការនេះ នាំឱ្យមានផលអវិជ្ជមានដូចជា៖
ទី១៖ បាត់ទំនុកចិត្តចំពោះអ្នកវិនិយោគលើវិស័យកាត់ដេរ
ទី២៖ ប៉ះពាល់ដល់ការនាំចេញឥវ៉ាន់ ទៅអ្នកបញ្ជាទិញឲ្យបានទាន់ពេលវេលា
ទី៣៖ នាំឱ្យអ្នកបញ្ជាទិញ មិនទម្លាក់លុយដើម្បីបើកឱ្យកម្មករ។

ជាមួយគ្នានេះ ក្រុមកម្មករ​បានដាក់លិខិតមួយច្បាប់ទៀត ជូនលោករដ្ឋមន្ត្រីក្រសួងការងារ​ ដើម្បីជួយធ្វើអន្តរាគមន៍ផងដែរ​។ ទន្ទឹមនោះ ក៏មានការប៉ះទង្គិចគ្នារវាងកម្មករ ចូលធ្វើការ និងកម្មករមិនចូលធ្វើការកើតឡើងជាញឹកញាប់​ តែករណីនេះតុលាការខេត្តកណ្តាលមិនទាន់ចាត់ការដោះស្រាយនៅឡើយ​។

ប៉ុន្តែករណីនេះ ខាងកម្មករមួយក្រុមទៀត បានចោទខាងរោងចក្រថា បានរំលោកភបំពានលើពួកគេ ដោយមិនព្រមសងប្រាក់ដែលជំពាក់ ទើបពួកគេមិនចូលធ្វើការទៅតាមដីកាបង្គាប់ឡើយ រួចបន្តធ្វើកូដកម្មដោយបោះតង់ នៅខាងមុខរោងបន្តទៀត ដើម្បីទាមទារឲ្យភាគីរោងចក្រទូទាត់ប្រាក់ខែជូនពួកគាត់៕