(បន្ទាយមានជ័យ)៖ ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យមើលការស្តារអាងកន្សែង និង​ជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋចំនួន១៥០នាក់។

ក្នុង​ពិធីនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី ​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ និងសហការី មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ​ជាច្រើនរូបទៀតផងដែរ។

អាងទឹកកន្សែងជាអាងបុរាណមួយ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ការជួសជុលជំហានទី១នេះ គឺធ្វើឲ្យប្រសើរឡើងវិញនូវទំ​នប់អាង ដែលមានទំហំ​បណ្តោយប្រវែង​២,៣២៦ម៉ែត្រ ទទឹងប្រវែង​១,៧០០ម៉ែត្រ កម្ពស់ពី​៣,៥ម៉ែត្រ ទៅ៥ម៉ែត្រ មានសំណង់បង្ហៀរ ប្រវែង៣០ម៉ែត្រ​ចំនួន១ កន្លែងសំណង់ទ្វារទឹក​៣​កន្លែង​។

ក្រោយការជួសជុលអាងនេះអាច ស្តុកទឹកបានប្រមាណ​៤​លាន​ម៉ែត្រគូប និងអាចស្រោច​ស្រពស្រូវ​រដូវវស្សា ជាង១,៥០០ហិកតា ស្រូវរដូវប្រាំងពី​២០០ហិកតា ទៅ​៣០០ហិកតា ដំណាំរួមផ្សំជាច្រើនទៀត និងសម្រាប់យកទឹក​ប្រើប្រាស់របស់សហគមន៍ទៀតផង។ គម្រោងស្តារអាងកន្សែងនេះ នឹងប្រែក្លាយទៅជាប្រព័ន្ធ គមនាគមន៍ និង​ក៏ជា​តំបន់រមណីយដ្ឋានទេសចរណ៍​នៅជនបទនេះផងដែរ។

សូមជម្រាបថា ក្នុងឱកាសនោះ​ដែរ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ បានជូនអំណោយដល់មេឃុំទាំង២គឺឃុំសឹង្ហ និងឃុំអូរបីជាន់ ក្នុង១ឃុំ២០ម៉ឺនរៀល និងជូនថវិកាដល់ក្រុមការងារកម្មករ២០នាក់ ដែលកំពុងនៅធ្វើការស្ដារប្រឡាយទីនោះ ចំនួន​៥០ម៉ឺនរៀល និងជូនសារ៉ុងចំនួន២០​ផងដែរ​ ហើយ​ប្រជាពលរដ្ឋ​ទាំង១៥០នាក់ ទទួលបានសារ៉ុងម្នាក់១៕