(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត មន្រ្តីគយ នគរបាល និងមន្រ្តីស្នាក់ការ បានចុះត្រួតពិនិត្យផលិតផលទំនិញ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ នៅមាត់ច្រកប៉ុស្តិ៍អូររំដួល ស្រុកភ្នំព្រឹក ពេលនោះបានរកឃើញជាក់ស្តែង មានទំនិញខូចគុណភាពនំចម្រុះប្រមាណ១៣៥គីឡូក្រាម មានសាច់មាន់ខូចគុណភាព១០៥គីឡូក្រាម និងនំចម្រុះ ៣០គីឡូក្រាម យកមកដុតកំទេចចោលភ្លាមៗ នៅនឹងកន្លែង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់ទំនិញខូចគុណភាព មុនពេលបុណ្យចូលឆ្នាំខ្មែរចូលមកដល់ខាងមុខនេះមន្រ្តីជំនាញ បានឃ្លាំមើលដោយយកចិត្តទុកដាក់ជាប្រចាំ ហើយបច្ចុប្បន្ន បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត នគរបាល គយ ស្នាក់ការច្រក និងអាជ្ញារមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យរាល់ទំនិញពាក់ព័ន្ធ ចំណីអាហារខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលធ្វើឲ្យមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ។
លោកបានបន្តថា ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅតាមមាត់ច្រកព្រំដែន បានរកទំនិញដែលឈ្មួញលួចបង្កប់ក្នុងរទេះដឹកបន្លែ ផ្លែឈើ នាំចូលពីប្រទេសថៃ មានសាច់មាន់ខូចគុណភាពចំនួន១០៥គីឡូក្រាម និងនំចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៣០គីឡូក្រាម។ ក្រុមការងារក៏បានយកទៅដុតកម្ទេចចោលភ្លាមៗ។

លោកប្រធានសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋ តាមរយៈការអប់រំនៅនឹងកន្លែង ការបិទផ្សាយតាមរូបភាពផ្សេងៗ និងធ្វើការពិសោធន៍ផ្ទាល់ឲ្យអាជីវករលក់ដូរ និងអ្នកប្រើប្រាស់បានឃើញផ្ទាល់ ដោយបានបញ្ជាក់ពីផលប៉ះពាល់សុខភាពផងដែរ។

លោកឲ្យដឹងថា «នៅក្នុងការចុះត្រួតពិនិត្យរៀងរាល់លើក គឺមន្រ្តីយើងបានឆ្លៀតអប់រំដល់អ្នកលក់និងអ្នកទិញ សូមកុំទិញទំនិញខូចគុណភាពទាំងនេះយកទៅបរិភោគ ដែលធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនទាំងអស់គ្នា។ ពីមួយថ្ងៃទៅមួយថ្ងៃយើងសង្កេតឃើញថា ពួកគាត់មានការយល់ដឹងកាន់តែច្រើន ទោះជានៅសល់អាជីវករតិចតួចកំពុងបានលួចនាំចូល ឬដាក់តាំងលក់ តែពួកគាត់បានទទួលយកចំណេះដឹងទាំងនេះ ហើយធ្វើការផ្សព្វផ្សាយបន្ត ដោយកន្លែងលក់ភាគច្រើន លែងហ៊ានលក់ទំនិញទាំងនេះទៅឲ្យអ្នកប្រើប្រាស់ទៀតផង ហើយអ្នកប្រើប្រាស់ខ្លួនឯង ក៏មានការប្រុងប្រយ័ត្នផង មុននឹងទិញទំនិញនៅផ្សារយកទៅបរិភោគផងដែរ»