(កំពត)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន២០០ធុង ជូនដល់ខេត្តកំពត ដែលបានរៀបចំពិធីប្រគល់ធុងនេះនៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ។

លោក បូរី ស៊ីលីវណ្ណ អ្នកគ្រប់គ្រងទំនាក់ទំនង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា «ការឧបត្ថម្ភធុងសំរាមនេះ គឺជាការចូលរួមបន្តិចបន្តួច របស់ក្រុហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងកិច្ចការអភិវឌ្ឍខេត្តកំពត។លោក បូរី ស៊ីលីវណ្ណ បានថ្លែងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមថ្លែងអំណរគុណដល់លោកអភិបាលដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនអាចមានឱកាស ចូលរួមចំណែកក្នុងកិច្ចការនេះ ហើយសង្ឃឹមថាក្រុមហ៊ុននឹងមានឱកាសចូលរួមជាមួយខេត្តនៅក្នុងគម្រោងជាច្រើនផ្សេងទៀតនៅថ្ងៃអនាគត»

លោក ជាវ តាយ អភិបាល អភិបាលខេត្តកំពត បានថ្លែងថា រដ្ឋបាលខេត្ត នឹងបែងចែកធុងសំរាមទៅឲ្យស្រុកទាំងប្រាំពីរក្នុងខេត្តកំពត ដោយក្នុងមួយស្រុកនឹងទទួលបានធុង១០ ហើយ១៣០ទៀតនឹងទុកនៅក្រុងកំពត ដើម្បីដាក់តាមតំបន់គោលដៅ។

លោក ជាវ តាយ បានបន្តថា «អរគុណក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានឆ្លើយតបនឹងការស្នើសុំរបស់ខេត្ត ហើយកន្លងមកក្រុមហ៊ុនតែង ចូលរួមជួយដល់ខេត្តកំពត តាមរយៈក្រុមហ៊ុនភេសជ្ជៈនេះផង និងតាមរយៈក្រុមហ៊ុនស៊ីម៉ង់ត៍ផង»

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលវិនិយោគដោយកូនខ្មែរ១០០% និងមានផលិតផលជាច្រើនរួមមាន៖ ស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈអាយស៍ ទឹកផ្លែឈើជូប ទឹកសុទ្ធកម្ពុជា និងស្រាបៀរគូដូ៕