(កំពង់ធំ)៖ រឿងដ៏សែនសង្វេគនេះ បើបានអានហើយប្រហែលទប់ទឹកភ្នែកមិនបានទេ ព្រោះតែវាសនាដ៏អភ័ព្វជូរចត់នេះបានចងគ្រៀតជីវិតបងប្រុស សុង ធូ រស់នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ យ៉ាងក្រាស់ក្រៃរកអ្វីថ្លែងមិនបាន។

រឿងហេតុវាយ៉ាងនេះ! អស់រយៈពេលជាង៧ខែកន្លងទៅ គ្រួសាលោក​ សុង​ ធូ​ និងប្រព្ធឈ្មោះ​ សុខ​ ជា​ ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះខ្ទេចអស់ ប្រពន្ធគាត់ក៏ស្លាប់ភ្លាមៗក្នុងពេលភ្លើងឆេះផ្ទះនោះទៀត។ ចំណែកលោកវិញត្រូវបានអគ្គិភ័យឆាប់ឆេះសុះពេញខ្នង ដាច់ស្លឹកត្រចៀកម្ខាង។​ ពេលនោះម្តាយរបស់គាត់ ក៏បានដឹកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែដោយក្រុមគ្រួសារមានជីវភាពក្រីក្រពេក គ្មានប្រាក់សម្រាប់ព្យាបាលក៏យកកូនប្រុសមកផ្ទះវិញ​។

រីឯចំណែកឪពុកបង្កើតទៀតសោត ឃើញកូនប្រុសដេកឈឺ​ចុកចាប់ជាពន់ពេកហើយ ពុំអាចជួយអ្វីកូនបានទើបធ្វើឲ្យគាត់ពិបាកចិត្តរហូត ដេកគាំងបេះដូងស្លាប់ទៅ។ បើឪពុកក្មេករបស់គាត់វិញ ដោយសារកូនស្រីក៏ស្លាប់​ កូនប្រសារក៏ឈឺដែកនៅមួយកន្លែង រង់ចាំតែថ្ងៃស្លាប់​ គាត់ឈឺចិត្តខ្លាំងពេក រហូតវង្វងដើរផឹកស្រា ស្រាតពេញផ្លូវ​ កូនៗមិនចង់ឃើញឪពុកដើរស្រាត ក៏នាំគ្នាចាប់ឪពុកចង​នៅមួយកន្លែង​ ឪពុកឈឺចិត្តខ្លាំងពេកក៏យកសាំងដុតខ្លួនស្លាប់ទៀតទៅ​។  

អ្វីដែលរិតតែខ្លោចចិត្តទៀតនោះ ក្រោយពីការស្លាប់របស់ពួកគាត់មក គេពុំដែលឃើញ​ ក្រសួងសុខាភិបាល​ ​ឬអាជ្ញាធរចុះទៅពិនិត្យដល់កន្លែងកើតហេតុ​ទេ។ ចំណែកឯសាព័ត៌មានផ្សេងៗ​ និង​បណ្តាញសង្គម​ Facebook ក៏ទាន់ឃើញចុះផ្សាយផងដែរ។

ដោយមើលឃើញពីផលវិបាក​ និង​ការរងទុក្ខវេទនារបស់ក្រុមគ្រួសារនេះហើយទើបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ គេបានឃើញលោក​ឧកញ៉ា​ ដេវិដ ឆាណាយវ៉ា ជាអនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព រាជធានីភ្នំពេញដែលមានលោក ជិន ប៊ុនធឿន ជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពរាជធានីភ្នំពេញ បានយកថវិកា​ និង​គ្រឿងឧបភោគបរិភោគ​ ថ្នាំពេទ្យ​ និង​សម្ភារមួយចំនួនទៀត ដែលជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រគល់ជូនក្រុមគ្រួសារផ្ទាល់តែម្តង។

សូមជម្រាបថា ជនរងគ្រោះមានឈ្មោះ សុង​ ធូ​ និង​ ​ប្រពន្ធឈ្មោះ​ សុខ​ ជា​ មានទីលំនៅភូមិបឹង​ ឃុំមានរិទ្ធ​ ស្រុកសណ្តាន់​ ខេត្តកំពង់ធំ។ ក្រុមគ្រួសារ ព្រមទាំងជនរងគ្រោះផ្ទាល់បានលើកដៃប្រណូមអង្វរសប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភដល់ការព្យាបាលលើខ្លួនរបស់គាត់ផង៕