(ស៊ីដនី, អូស្ត្រាលី)៖ បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីយ៉ាងច្រើនកុះករនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានចេញមកជួបជុំគ្នាលើកបដាស្វាគមន៍ដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយពាក្យស្លោក និងការស្រែកជយឃោសនានាផងដែរ។ ស្របពេលដែលកំពុងជួបជុំនោះសម្តេចតេជោ ហ៊ុន សែន ពេលចេញពីកិច្ចប្រជុំឃើញបងប្អូនជួបជុំច្រើន ក៏បានឆ្លៀតចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយពួកគាត់ផងដែរ។
បងប្អូនពលរដ្ឋខ្មែរនៅអូស្ត្រាលី ពេលបានសម្តេចនាយករដ្ឋមន្ត្រីចុះជួបបែបនោះ បានធ្វើឲ្យពួកគាត់សប្បាយរីករាយយ៉ាងខ្លាំង។ តាមរយៈរូបនេះ បានបង្ហាញថា នៅលើទឹកដីអូស្ត្រាលីក្រៅពីក្រុមនិន្នាការប្រឆាំងមួយក្តាប់តូច ដែលតែងតែធ្វើការតវ៉ាប្រឆាំងវត្តមានសម្តេចនាយករដ្ឋមន្ត្រី គឺនៅមានបងប្អូនខ្មែរជាច្រើនបានគោរពស្រឡាញ់ប្រមុខរាជរដ្ឋាភិបាល និងស្វាគមន៍ដំណើរសម្តេចតេជោ។
នៅកន្លែងជួបជុំដែលធ្វើឡើងនៅមុខកន្លែងស្នាក់នៅរបស់សម្តេចតេជោផ្ទាល់តែម្តងនោះ បងប្អូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលគោរពស្រឡាញ់សម្តេច បាននាំគ្នាលើកបដា និងស្រែកជយឃោសនានា ដូចជាថា មានសម្តេចតេជោ ហ៊ុន សែន មានការអភិវឌ្ឍ មានសម្តេចតេជោ ហ៊ុន សែន មានសន្តិភាព ហើយពួកគេក៏បានស្រែកថា ប្រឆាំងដាច់ខាតរាល់ការញុះញង់ទាំងឡាយនាំឲ្យជាវិនាសអន្តរាយ។
ប្រមុខរាជរដ្ឋាភិបាលដ៏ខ្លាំងក្លារបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ប្រកបដោយសុវត្តិភាពហើយនៅវេលាម៉ោង ៨ព្រឹក ម៉ោងនៅទីក្រុងស៊ីដនី ត្រូវនឹងម៉ោង ៤ទៀបភ្លឺម៉ោងនៅប្រទេសកម្ពុជាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។
អញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានមន្រ្តីជាន់ខ្ពស់ប្រទេសអូស្ត្រាលីទទួលស្វាគមន៍ប្រកបដោយកិត្តិយស និងស្មើមុខស្មើមាត់ដូចបណ្តាមេដឹកនាំដទៃទៀតក្នុងនាមជាមេដឹកនាំប្រទេសសមាជិកអាស៊ាន។ ជាពិសេសគឺប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលី បានចេញមកស្វាគមន៍ដោយក្តីគោរពស្រឡាញ់យ៉ាងខ្លៀវក្លា ហើយដំណើររបស់សម្តេចមិនត្រូវបានរំខានពីក្រុមខ្មែរមាននិន្នាការប្រឆាំងមួយក្តាប់តូចនោះឡើយ៕