(ស៊ីដនី, អូស្ត្រាលី)៖ បងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលីខ្ទង់ពាន់នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានចេញមកជួបជុំគ្នា លើកបដាស្វាគមន៍ដំណើររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយពាក្យស្លោក និងការស្រែកជយឃោសនានាផងដែរ។
ស្របពេលដែលកំពុងជួបជុំនោះសម្តេចតេជោ ហ៊ុន សែន ពេលចេញពីកិច្ចប្រជុំឃើញបងប្អូនជួបជុំច្រើន ក៏បានឆ្លៀតចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយពួកគាត់ផងដែរ ដោយមានអ្នកខ្លះទៀតឱប ថើប ដែលបង្ហាញពីការគោរពស្រលាញ់ចេញពីបេះដូងរបស់ពលរដ្ឋខ្មែរ។
សូមជម្រាបថា នៅកន្លែងជួបជុំដែលធ្វើឡើងនៅមុខកន្លែងស្នាក់នៅរបស់សម្តេចតេជោ ផ្ទាល់តែម្តងនោះ បងប្អូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលគោរពស្រឡាញ់សម្តេច បាននាំគ្នាលើកបដា និងស្រែកជយឃោសនានា ដូចជាថា មានសម្តេចតេជោ ហ៊ុន សែន មានការអភិវឌ្ឍ មានសម្តេចតេជោ ហ៊ុន សែន មានសន្តិភាព ហើយពួកគេក៏បានស្រែកថា ប្រឆាំងដាច់ខាតរាល់ការញុះញង់ទាំងឡាយនាំឲ្យជាវិនាសអន្តរាយ។
ប្រមុខរាជរដ្ឋាភិបាលដ៏ខ្លាំងក្លារបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ប្រកបដោយសុវត្តិភាពហើយនៅវេលាម៉ោង ៨ព្រឹក ម៉ោងនៅទីក្រុងស៊ីដនី ត្រូវនឹងម៉ោង ៤ទៀបភ្លឺម៉ោងនៅប្រទេសកម្ពុជាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ៕