(អូស្រ្តាលី)៖ រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៨៧លានដុល្លារអូស្រ្តាលី (ជិត៦៩លានដុល្លារអាមេរិក) បន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍប្រទេសប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨។ នេះបើតាមការះអាងរបស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ការប្រកាសផ្តល់ជំនួយរបស់អូស្ត្រាលីដល់កម្ពុជា បានធ្វើឡើងនៅក្នុងជំនួបទ្វេរភាគីផ្លូវការរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ម៉ាល់ខូម ថើនប៊ុល នាយករដ្ឋមន្រ្តីអូស្រ្តាលី នៅទីក្រុងស៊ីដនី មុនកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។
លោក កៅ គឹមហួន បានបញ្ជាក់ថា៖ «ឯកឧត្តម ក៏បានគូសបញ្ជាក់ប្រាប់សម្តេចតេជោថា ប្រទេសអូស្ត្រាលី មានឆន្ទៈក្នុងការបន្តការគាំទ្រដល់ ការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ ៨៧លានដុល្លារអូស្ត្រាលីសម្រាប់ឆ្នាំនេះ(២០១៨)»។
លោកបានបន្តថា នៅក្នុងជំនួបទ្វេភាគីនោះ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានលើកឡើងបន្ថែមថា អាស៊ានជាតំបន់មួយដែលមានលក្ខណៈទន់ភ្លន់ និងមានការរីកចម្រើន។ លោកចង់ឃើញអូស្ត្រាលី និងអាស៊ាន មានទំនាក់ទំនងគ្នាកាន់តែជិតស្និទ លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន-អូស្ត្រាលី ដែលមានសារសំខាន់ណាស់សម្រាប់សន្តិភាព និងស្ថេរភាពក្នុងតំបន់។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី បានស្វាគមន៍វត្តមានរបស់សម្តេចតេជោ ទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនោះ សម្តេចក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលីដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងទឹកប្រាក់៨៧លានដុល្លាអូស្រ្តាលី៕