(អូស្រ្តាលី)៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី។ នៅក្នុងជំនួប​នោះសម្តេចបានប្រើប្រាស់ពេលវេលាម៉ោងប្រមាណជិត៣ម៉ោង ក្នុងការសំណេះសំណាល។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចទៅអូស្ត្រាលី មិនមែនជាដំណើរឯកជនទេ ជាដំណើរផ្លូវរដ្ឋ ដូច្នេះការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋនៅអូស្ត្រាលី គឺស្មើនឹងការគាំទ្រជាតិទាំងមូល។ ផ្ទុយទៅវិញសម្រាប់អ្នកដែលប្រឆាំងដំណើរសម្តេច គឺស្មើនឹងការប្រឆាំងនឹងជាតិរបស់ខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រសម្តេចនៅក្នុងប្រទេសអូស្ត្រាលី។

* សម្តេចតេជោ បានថ្លែងថា សម្តេចមានមោទនភាពសម្រាប់បងប្អូនខ្មែរនៅអូស្ត្រាលី បើទោះបីអ្នកខ្លះបានទៅរស់នៅអូស្ត្រាលីតាំងពីសម័យសង្គ្រាម ឬទើបទៅនៅថ្មី ហើយអ្នកខ្លះបានចូលសញ្ជាតិអូស្ត្រាលីទៅហើយក្តី ប៉ុន្តែមិនបានភ្លេចជាតិរបស់ខ្លួននោះឡើយ។

* ឆ្លើយតបការទាមទារឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសអាចចូលរួមបោះឆ្នោតបាននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាស្ថិតនៅលើប្រព័ន្ធបោះឆ្នោតរបស់កម្ពុជា។ បើតាមសម្តេចតេជោ ការបោះឆ្នោតនៅកម្ពុជា គឺយកប្រព័ន្ធសមាមាត្រតាមខេត្ត ដូច្នេះសម្តេចបានចោទសួរថា តើខ្មែរនៅក្រៅប្រទេសត្រូវបោះឆ្នោតនៅមណ្ឌលណា ឬ នៅខេត្តណា?

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជារាប់ទល់មុខគ្នានៅស្រែកថាមិនត្រឹមត្រូវ ចុះទម្រាំនៅក្រៅប្រទេសតើគេនឹងទទួលយកដែរឬទេ? សម្តេចតេជោ ចោទសួរថា តើបោះឆ្នោត ដើម្បីកាប់ចាក់គ្នាឬយ៉ាងណា?

* សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងទៀតថា សម្តេចមិនទោមនស្សចំពោះការចង់ឲ្យមានការបោះឆ្នោតនៅក្រៅប្រទេសនោះទេ តែត្រូវរង់ចាំពេលវេលាដ៏សមរម្យណាមួយ។

* សម្តេចតេជោ បានលើកឡើងថា បក្សនយោបាយដែលទាមទារឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាន គ្រាន់តែជាការស្រេក ដើម្បីបានការគាំទ្រពីក្រៅប្រទេស និងរកបានគាំទ្រផ្នែកថវិកាពីបងប្អូនក្រៅប្រទេសផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានច្រានចោលផងដែរថា សម្តេចគ្មានលុយជួលបងប្អូនខ្មែរនៅអូស្ត្រាលីចូលជួបសំណេះសំណាលជាមួយសម្តេចតេជោនោះទេ។ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា ការចោទបែបនេះ គឺជាការមើលងាយដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី។

* សម្តេចតេជោ៖ «ក្បាលមនុស្សកុំថាឡើយ ៦០០ដុល្លារ ទោះបីជាប៉ុន្មានក៏ដោយ ក៏មិនលក់ដែរ»

* សម្តេចតេជោ ហ៊ុន សែន បានហៅថា វាជាទម្លាប់ដ៏អាក្រក់របស់អ្នកនយោបាយខ្មែរមួយចំនួន ដែលលាបពណ៌អ្នកនេះយួន អ្នកនោះចិន ឬអ្នកនោះត្រូវគេទិញជាដើម។ សម្តេចបន្តថា ពេលនៅជាមួយគេជាអ្នកស្នេហាជាតិ ពេលដើរចេញពីគេបែរជាចោទថាជាអ្នកក្បត់ ឬត្រូវសម្តេចទិញជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមិនមែនជាសមាជិកអាស៊ានទេ កុំថាឡើយសម្តេច ថ្នាក់ដឹកនាំដទៃក៏មិនអាចមានវត្តមាននៅអូស្ត្រាលីនោះឡើយ ដែលនេះគឺជាជោគជ័យមួយនៃចក្ខុវិស័យវែងឆ្ងាយលើនយោបាយក្រៅប្រទេសរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ខ្មែរនៅអូស្ត្រាលីថា ខ្មែរនៅក្នុងស្រុកមិនខ្វល់មេបក្សណាជាប់គុក ឬ បក្សនយោបាយណាត្រូវរំលាយនោះឡើយ។

* សម្តេចតេជោ បានរំលឹកខ្មែរនៅអូស្ត្រាលីថា អ៊ុនតាក់ចាយលុយជាង ២ពាន់លានដុល្លារមិនអាចបញ្ចប់សង្គ្រាម និងបង្រួបបង្រួមខ្មែរបាននោះទេ ផ្ទុយទៅវិញសម្តេចបានប្រើជីវិតធ្វើជាដើមទុនទីបំផុតអាចបង្រួបបង្រួមជាតិ ដោយនាំទាហានខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលនៅខែធ្នូ ឆ្នាំ១៩៩៨។

* សម្តេចតេជោ បានរំលឹកប្រាប់នាយករដ្ឋមន្ត្រីអូស្ត្រាលីថា ស្ថានភាពនយោបាយរបស់ប្រទេសសមាជិកអាស៊ាន គឺមានស្ថានភាពខុសៗគ្នា ហើយនៅកម្ពុជាមានគណបក្សនយោបាយច្រើន ហើយកម្ពុជា ក៏គ្មានអ្នកទោសនយោបាយដែរ គឺមានតែអ្នកនយោបាយប្រព្រឹត្តទោសព្រហ្មទណ្ឌ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអ្នកនយោបាយនោះធ្វើតែសកម្មភាពនយោបាយហើយចាប់គេដាក់គុកទើបជាអ្នកទោសនយោបាយ តែអ្នកនយោបាយកម្ពុជា ដែលជាប់ទោស ក៏ព្រោះតែការប្រព្រឹត្តបទល្មើសដូចជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា មិនមែនជាចំណាប់ខ្មាំងរបស់បក្សនយោបាយក្បត់ជាតិ ដែលត្រូវបានរំលាយចោលនោះឡើយ។ ដូច្នេះដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តតាមកាលកំណត់ ហើយលទ្ធផលបោះឆ្នោតមិនត្រូវការទទួលស្គាល់ពីបណ្តាប្រទេសណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាជំនួយរបស់អូស្ត្រាលីដែលផ្តល់មកកម្ពុជាប្រមាណ ៨៧លានដុល្លារអូស្ត្រាលីនោះ គឺសម្តេចមិនបានស្នើសុំឡើយ តែអូស្ត្រាលីប្រកាសផ្តល់ជូនតែម្តង។

* សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ក្នុងជំនួបជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចក៏បានជំរុញឲ្យអូស្ត្រាលីបើកការហោះហើរត្រង់ទៅប្រទេសកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលអតីតក្រុមមេដឹកនាំអតីតបក្សប្រឆាំងអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត គឺជាការខុសឆ្គងធ្ងន់ធ្ងរផ្នែកខាងយុទ្ធសាស្រ្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងច្បាប់ដាក់កំហិតឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដូចនៅក្នុងប្រទេសអូស្ត្រាលី មិនត្រូវអនុវត្តន៍នៅកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ខ្មែរនៅអូស្ត្រាលីថា កម្ពុជាមិនដែលមានជនជាតិភាគតិចម៉ុងតេញ៉ា ឬ ដេហ្គានោះឡើយ, សម្តេចបញ្ជាក់ថា ជនជាតិភាគតិចនេះ គឺជារបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានហៅកិច្ចព្រមព្រៀងរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យជនជាតិភាគតិចវៀតណាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិ។

* សម្តេចបានថ្លែងថា ទឹកដីកម្ពុជានាពេលបច្ចុប្បន្នសូម្បីមួយតឹកមួយផឹង ក៏សម្តេចមិនឲ្យបាត់បង់នោះឡើយ ប៉ុន្តែសម្រាប់ទឹកដីដូចជាកម្ពុជាក្រោម និងកោះត្រល់ជាដើម មិនមែនសម្តេចជាអ្នកធ្វើឲ្យបាត់បង់នោះឡើយ គឺបានបាត់បង់តាំងពីយូរណាស់មកហើយ។

* សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរកំណើនសេដ្ឋកិច្ចមិនអាចកើតមាននោះឡើយ។ ប៉ុន្តែត្រូវតែរួមគ្នាកម្ចាត់អំពើពុករលួយ ដើម្បីទាក់ទាញការវិនិយោគ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអនុវត្តន៍នយោបាយគាំពារនិយមនោះទេ ហើយក៏មិនអនុវត្តន៍នយោបាយលំអៀងទៅប្រទេសណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់នរណាលាបពណ៌សម្តេចជាអាយ៉ងប្រទេសណាមិនសំខាន់នោះទេ អ្វីដែលសំខាន់ត្រូវដឹងថា សម្តេចជាអ្នកបម្រើជាតិដ៏ស្មោះត្រង់ទៅបានហើយ។

* ឆ្លើយតបនឹងការយកប្រធានបទ កែម ឡី ដើម្បីធ្វើបាតុកម្មប្រឆាំងដំណើររបស់សម្តេចនៅអូស្ត្រាលីនោះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា លោក កែម ឡី មិនមែនជាអ្នកប្រឆាំងសម្តេចនោះទេ ផ្ទុយទៅវិញលោក កែម ឡី បានស្វះស្វែងរកជួបសម្តេចថែមទៀតផង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ទៅភរិយា កែម ឡី អ្នកស្រី ប៊ូ រចនា ថា អ្នកស្រី កំពុងខុសឆ្គងធ្ងន់ណាស់ដែលយកសម្តេចធ្វើជាសត្រូវ ខណៈដែលសម្តេចបានចេញលុយថ្លៃបបរ និងថ្លៃធ្វើចេតិយថែមទៀតផង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនស្អប់ កែម ឡី នោះឡើយ ផ្ទុយទៅវិញសម្តេចគោរពការវិភាគរបស់លោក កែម ឡី។ សម្តេចតេជោ បានថ្លែងថា ក្រុមចារកម្មបាតដៃខ្មៅក្នុងរឿងសម្លាប់ កែម ឡី បន្ទាប់ពីលោក កែម ឡី មានគម្រោងបង្កើតបក្សនយោបាយថ្មី ក្រៅពីបក្សប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយអាថ៌កំបាំងថា ពេល ជុន ច័ន្ទបុត្រ នៅក្នុងស្រុកខ្មែរបាននិយាយជាមួយមេកងពលង៧០ ម៉ៅ សុផាន់ ថា ជួយការពារលោកផង ព្រោះខ្លាច CIA របស់អាមេរិកតាមសម្លាប់ដូច កែម ឡី

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនស្អប់ កែម ឡី នោះឡើយ ផ្ទុយទៅវិញសម្តេចគោរពការវិភាគរបស់លោក កែម ឡី។ សម្តេចតេជោ បានថ្លែងថា ក្រុមចារកម្មបាតដៃខ្មៅក្នុងរឿងសម្លាប់ កែម ឡី បន្ទាប់ពីលោក កែម ឡី មានគម្រោងបង្កើតបក្សនយោបាយថ្មី ក្រៅពីបក្សប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា លោក ជុន ចាន់បុត្រ បានជួបកូនប្រុសសម្តេច និងលោក ម៉ៅ សុផាន់ សូមឲ្យជួយធានាជីវិតរបស់ខ្លួន បើមិនដូច្នោះទេ CIA របស់អាមេរិកនឹងសម្លាប់លោក ដូច កែម ឡី ជាមិនខាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសោកស្តាយចំពោះការស្លាប់របស់លោក កែម ឡី។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរលោក ជុន ចាន់បុត្រ ថា តើហ៊ានស្បថដែរទេថា ខ្លួនបានជួបជាមួយលោក ហ៊ុន ម៉ាណែត និងលោក ម៉ៅ សុផាន់។ សម្តេចតេជោ ចោទសួរទៀតថា តើលោក ជុន ចាន់បុត្រ អត់ចេះខ្មាសអៀនទេអី ដែលជេរសម្តេច ហើយធ្វើការជាមួយកូនសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ជុន ចាន់បុត្រ គឺជាចារកម្មរបស់សម្តេច ហើយធ្លាប់ផ្តល់ព័ត៌មានឲ្យសម្តេចថែមទៀតផង។

* សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ធ្លាប់ស្នើទៅកាន់លោក ម៉ៅ សុផាន់ និងលោក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតពីការតាមសម្លាប់របស់ CIA អាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថារបស់សម្តេចនៅវេលាម៉ោងប្រមាណ៥៖២០នាទីម៉ោងនៅភ្នំពេញ ខណៈនៅទីក្រុងស៊ីដនីម៉ោងប្រមាណ៩៖២០នាទី៕