(អូស្រ្តាលី)៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រនេះបានទម្លាយពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីថា ក្រុមចារកម្មបាតដៃខ្មៅទី៣ គឺជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី មិនមែនសម្ដេចជាអ្នកសម្លាប់ ដូចការចោទប្រកាន់របស់ក្រុមអ្នកនយោបាយប្រឆាំងនោះឡើយ។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា វាគ្មានអ្វីដែលត្រូវចំណេញនោះទេ ដែលសម្ដេចត្រូវសម្លាប់លោក កែម ឡី នោះ ផ្ទុយទៅវិញសម្ដេចបានរៀបចំ ជំនួបពិសេស មួយជាមួយលោកបណ្ឌិត កែម ឡី យ៉ាងជាក់លាក់ទៀតផង ប៉ុន្ដែថ្ងៃជំនួបនោះមិនទាន់បានមកដល់ ស្រាប់តែលោកបណ្ឌិតត្រូវបានឃាតករ បញ្ចប់ជីវិតបានទៅហើយ។
ការទម្លាយអាថ៌កំបាំងនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នាទីក្រុងស៊ីដនី។ នៅក្នុងជំនួបនោះសម្តេចបានប្រើប្រាស់ពេលវេលា ប្រមាណជិត៣ម៉ោង ក្នុងការសំណេះសំណាល។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ផ្ញើទៅកាន់ភរិយា កែម ឡី អ្នកស្រី ប៊ូ រចនា ថា អ្នកស្រី កំពុងខុសឆ្គងធ្ងន់ណាស់ដែលយកសម្តេចធ្វើជាសត្រូវ ខណៈដែលសម្តេចបានចេញលុយថ្លៃបបរ និងថ្លៃធ្វើចេតិយថែមទៀតផង ហើយសម្តេចមិនមែនស្អប់លោក កែម ឡី នោះឡើយផ្ទុយទៅវិញ សម្តេចគោរពការវិភាគរបស់លោក កែម ឡី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កែម ឡី ត្រូវជួបខ្ញុំក្រោយពេលខ្ញុំត្រឡប់មកពីប្រជុំអាស៊ី-អឺរ៉ុប នៅឯប្រទេសម៉ុងហ្គោលី គម្រោងក្នុងថ្ងៃទី១៨ ថ្ងៃទី១៩ ប៉ុន្ដែអកុសល កែម ឡី ត្រូវគេធ្វើឃាតនៅថ្ងៃទី១០ ខែកក្កដា តើនេះជាបាតដៃរបស់អ្នកណាឲ្យពិតបា្រកដ យើងចាក់ចេញជាសំណួរបែបនេះវិញ អ្នកណាដែលទទួលបានផលប្រយោជន៍ ពីការស្លាប់របស់បណ្ឌិត កែម ឡី មិនមែនរដ្ឋាភិបាល ហ៊ុន សែន ហើយក៏មិនមែនលោក ហ៊ុន សែន ដែរគឺច្បាស់ជាពួកប្រឆាំង។ គេតែងតែច្បាស់ថា អ្នកណាក៏ដោយឲ្យតែជួបលោក ហ៊ុន សែន តែងតែដូរទិសនយោបាយ កែម ឡី មិនមែនជាអ្នកប្រឆាំង ហ៊ុន សែន ទេ តែ កែម ឡី បានស្វះស្វែងជួប ជាមួយ ហ៊ុន សែន មានអ្នកដឹងលឺក្នុងរឿងនេះ ហើយខ្ញុំកំពុងស៊ើបអង្កេតតើអ្នកណាដឹង បានជាបណ្ដេញមួយត្រូវកម្ចាត់មនុស្សម្នាក់ បាតដៃទី៣»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា «កុំភ័ន្ដច្រឡំ លោកស្រី ប៊ូ រចនា លោកស្រីភ័ន្ដច្រឡំធំហើយយកខ្ញុំជាសត្រូវ ហើយបែរជាយកចោរធ្វើជាឪពុក លោកស្រីខុសធ្ងន់ណាស់។ រឿងអីត្រូវមកចោទខ្ញុំជាអ្នកសម្លាប់ កែម ឡី ផ្ទុយទៅវិញ កែម ឡី ជាមនុស្សដែលខ្ញុំគោរពនូវការវិភាគ ហើយមានការរៀបចំ ជំនួបមួយជាក់លាក់ មនុស្សតិចណាស់ដែលបានដឹងរឿងនេះ ប៉ុន្ដែខ្ញុំគិតថាពួកចារកម្មដែលជាបាតដៃខ្មៅគេបានដឹងរឿងនេះ គេបានបំផ្លាញជីវិត កែម ឡី ព្រោះកែម ឡី មានទិសដៅបង្កើតបក្សនយោបាយមួយខុសពីបក្សប្រឆាំង»។
សូមរំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយហេតុការណ៍នេះ បុរសម្នាក់ដែលសារភាពថា ជាឃាតកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស។ ឃាតករូបនេះ សារភាពថាខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានតុលាការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងបទឃាតកម្មគិតទុកជាមុន តាមមាត្រា៤៩០ និង ២០០ នៃក្រមព្រហ្មទណ្ឌ៕