(អូស្ត្រាលី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទីសុក្រនេះ បានផ្តាំទៅក្រុមអ្នកប្រឆាំងមួយក្តាប់តូចស្តាប់ ឲ្យបានច្បាស់ថា ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី ដែលមកគាំទ្រនៅពេលនេះ មិនមែនលក់ក្បាលថោកត្រឹម៦០០ដុល្លារ ដូចក្រុមអ្នកប្រឆាំងខិតខំឃោសនានោះទេ។ សម្តេចតេជោ បានចាត់ទុកថា ការលាបពណ៌បែបនេះ គឺជាការប្រមាថ មាក់ងាយធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលគាំទ្រសម្តេច។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នាទីក្រុងស៊ីដនី។
ប្រតិកម្មធ្ងន់ៗរបស់សម្តេចតេជោបែបនេះ បានធ្វើឡើងបន្ទាប់ពី មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលមាននិន្នាការ ប្រឆាំងរដ្ឋាភិបាល ក៏ដូចជាបណ្តាញសង្គម Facebook របស់ក្រុមអ្នកប្រឆាំងមួយចំនួន នាថ្មីៗនេះ បានចោទប្រកាន់ថា អ្នកដែលបានចូលរួមគាំទ្រ និងចាំទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី អំឡុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ត្រូវបានគេទិញក្បាល ក្នុងតម្លៃ៦០០ដុល្លារអាមេរិកក្នុងម្នាក់ៗ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសម្តែងនូវការសោកស្តាយអំពីការប្រមាថមើលងាយ សម្រាប់បងប្អូនដែលមកជួប ខ្ញុំនៅទីនេះ ដែលត្រូវបានគេចោទប្រកាន់ថា ទិញចំនួន៦០០ដុល្លារ ឱព្រះអើយ,។ ប្រសិនបើគេជេរខ្ញុំគេជេរទៅចុះ ប៉ុន្តែហេតុអីបានជាគេប្រមាថ ចំពោះប្រជាពលរដ្ឋទាំងអស់គ្នានៅទីនេះ តើបងប្អូនត្រូវឆ្លើយតបរឿងនេះ យ៉ាងដូចម្ត៉េចទៅ។ ខ្ញុំមិនមានប្រាក់ជួលទេ ហើយបងប្អូនក៏មិនត្រូវ ឲ្យខ្ញុំជួលដែរ ព្រោះមិនមែនជាសត្វធាតុនោះទេ ប៉ុន្តែហេតុអីបានជាមនុស្សខ្លះដែលចាត់ទុកខ្លួនឯងជាវីរបុរស ចាត់ទុកខ្លួនឯងថា ជាអ្នកចេះដឹងបែរ ជាមើលងាយមនុស្សដូចគ្នាទៅវិញ»។
បុរសខ្លាំងរបស់កម្ពុជា បានសង្កត់ធ្ងន់ៗថា «ចំណុចនេះខ្ញុំមិនបាច់លើកយកឈ្មោះមនុស្សតរិច្ឆានបែបនេះ ក៏ប៉ុន្តែបងប្អូនបានដឹងទៅហើយអីឡូវ ក្បាលបងប្អូនម្នាក់៦០០ដុល្លារ តើវាសមរម្យទេ ក្បាលយើងមិនមែនត្រឹម៦០០ដុល្លារទេ ប៉ុន្មានក៏មិនអាចលក់បានដែល អាហ្នឹងបើនិយាយពីតម្លៃ ពិតរបស់មនុស្ស បើគេជាមនុស្ស ហើយមិនមែនជាសត្វ និយាយតរិច្ឆានក្រែងលោគេមិនចេះស្តាប់ ព្រោះគេមិនធ្លាប់ប្រើតិរច្ឆាន»។
បុរសខ្លាំងរបស់កម្ពុជា បានចាត់ទុកថា ការចោទប្រកាន់ថា ពលរដ្ឋខ្មែរថាលក់ក្បាលនេះ គឺជាការប្រមាថមើលងាយដ៏ធ្ងន់ធ្ងរបំផុត មិនមានតម្លៃជាមនុស្សទេ។ សម្តេចតេជោ លើកឡើងទៀតថា អ្នកគាំទ្រសម្តេចមិនមែនទំនិញនោះទេ ការលាបពណ៌បែបនេះ គឺជានយោបាយអាក្រក់យង់ឃ្នងរបស់អតីតបក្សប្រឆាំង ដែលតែងតែបំភ្លៃថា អ្នកដែលប្រឆាំងនឹងសម្តេចគឺជាអ្នកស្នេហាជាតិ ប៉ុន្តែអ្នកគាំទ្រសម្តេច គឺជាជនក្បត់ជាតិទៅវិញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «បើគេនៅជាមួយក្រុមខ្លួន សសើរថាជាអ្នកស្នេហាជាតិនៅពេលគេដើរ ចេញបន្តិចចោទថាក្បត់ជាតិ បើអ្នកទាំងអស់គ្នាធ្វើបាតុកម្មប្រឆាំងខ្ញុំអ្នកទាំងអស់គ្នាជាអ្នកស្នេហាជាតិ ប៉ុន្តែអ្នកទាំងអស់គ្នាមកស្វាគមន៍ ខ្ញុំអ្នកទាំងអស់គ្នានឹងក្លាយជាអ្នកក្បត់ជាតិ ដែលជាទំនិញរបស់លោក ហ៊ុន សែន ទិញសម្រាប់ឲ្យទទួលខ្លួនតើនយោបាយបែបនេះមានទេ សម្រាប់ប្រទេសខ្មែរ»។
កន្លងទៅ ការចោទប្រកាន់ថាលក់ក្បាលបែបនេះ បានក្លាយជាប្រធានបទដ៏ក្តៅមួយ សម្រាប់នយោបាយរបស់អតីតបក្សប្រឆាំងដែលត្រូវបាន តុលាការកាត់ទោសរំលាយ។ អតីតអ្នកប្រឆាំងទាំងនោះ បានចោទអ្នកដទៃថា លក់ក្បាលឲ្យសម្តេចតេជោ បានចូលរួមនយោបាយជាមួយសម្តេច បន្ទាប់ពីអស់ជំនឿលើគណបក្សប្រឆាំង ប៉ុន្តែក្រោយមករូបគេ ក៏ត្រូវបានសមាជិកអ្នកប្រឆាំងផ្សេងទៀត ចោទថាលក់ក្បាលឲ្យសម្តេចតេជោ ហ៊ុន សែន វិញម្តង។ ជាក់ស្តែងកញ្ញា ធី សុវណ្ណថា អតីតសមាជិកបក្សប្រឆាំង រហូតដល់ពេលនេះ បានរងការចោទប្រកាន់ជាបន្តបន្ទាប់ ពីសំណាក់ក្រុមអ្នកប្រឆាំង ថានាងបានលក់ក្បាលឲ្យសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីកញ្ញាចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា៕