(ស៊ីដនី អូស្ត្រាលី)៖ ក្រោយពេលទទួលជួបសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាឱកាសមាសមួយកម្រនឹងមាននោះរួចមក ប្រជាពលរដ្ឋ ក៏ដូចជាយុវជនខ្មែរនៅអូស្ត្រាលី បានបង្ហាញពីភាពសប្បាយរីករាយ និងត្រេកអរយ៉ាងពន់ពេក ជាមួយស្នាមញញឹមដ៏រួសរាយសាទរអឹងកង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់មេដឹកនាំសន្តិភាពដ៏ល្បីល្បាញ នៃប្រទេសកំណើតដើមរបស់ពួកគាត់។
ក្នុងអាកប្បកិរិយាលើកដៃប្រណម ពួកគាត់ម្នាក់ៗបានបញ្ជាក់ថា វត្តមានដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នាពេលនេះ ពិតជាបានបង្ហាញនូវក្ដីយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសយ៉ាងខ្លាំង។
ជាមួយនឹងសូរសំនៀងភាសាខ្មែរពិរោះរណ្ដំ ប្រជាពលរដ្ឋខ្មែរអូស្ត្រាលីបានបន្តថា ពួកគាត់មានបំណងចង់ជួបជាមួយសម្ដេចតេជោ ជាយូរមកហើយ ហើយពេលនេះផងដែរ ក្តីប្រាថ្នារបស់ពួកគាត់បានសម្រេចយ៉ាងពេញចិត្តហើយ ជាមួយការទទួលរាក់ទាក់យ៉ាងស្និទ្ធស្នាល រហូតដល់ពលរដ្ឋខ្លះបានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជានិមិត្តរូប (Idol) របស់ខ្លួនទៀតផង។
ម្នាក់ៗសុទ្ធតែរំភើបយ៉ាងខ្លាំង ខណៈដែលពលរដ្ឋខ្លះបានឱបបានថើបសម្ដេច ជជែកសួរនាំទៅមកជាមួយសម្ដេច ព្រមទាំងបានជូនពរចំពោះសម្ដេចឲ្យមានសុខភាពល្អមាំមួន សម្រេចជោគជ័យគ្រប់ភារកិច្ចទាំងពួង។
បដិសណ្ឋារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ចំពោះមេដឹកនាំកម្ពុជានាពេលនោះ ពិតជាបង្ហាញយ៉ាងប្រក្សត្យអំពីការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រោះសម្ដេចតេជោ ជានិមិត្តរូបនៃសន្តិភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី៕