(កណ្ដាល)៖ បុរសម្នាក់ត្រូវបានឃាតកដៃឆៅលើដៃប្រហារ ដោយយកកាំបិតកាប់ចំកញ្ចឹងក ពេលកំពុងជិះម៉ូតូតាមផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមតែម្ដង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល​។

មន្ដ្រីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេក ភាព ​អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ មុខ​របរ កម្មករបើកម៉ូតូលក់ទឹកកក។ ដោយឡែក ជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបានរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាព។

ប្រភពខាងលើបានរៀបរាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យ បញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ។

លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រឡប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព​កាប់ទៅលើជនរងគ្រោះចំកញ្ចឹងក ពីក្រោយចំហៀងខាងឆ្វេង​ជម្រៅដល់ឆ្អឺង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង​។​

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំដោយលោកអធិការ សហការជាមួយជំនាញខេត្ត និង​ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានចុះដល់កន្លែងកើតហេតុ រួចធ្វើការហ៊ុមព័ទ្ធ និងបាន​ធ្វើការសាកសួរ​ស្រាវជ្រាវ​ពិនិត្យវិភាគកន្លែងកើតហេតុ​ដើម្បីកំណត់រកមុខសញ្ញាជន​សង្ស័យ​៕​