(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពេលនេះ បាននិងកំពុងបំពេញការងារ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តាមការអញ្ជើញជាផ្លូវការរបស់រដ្ឋាភិបាលអូស្រ្តាលី។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសអូស្រ្តាលីនេះ មានគោលដៅសំខាន់ជាងគេ គឺចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី ប៉ុន្តែលទ្ធផលវិជ្ជមានជាច្រើនបានលេចឡើងហួសពីការរំពឹងទុក។ លទ្ធផលល្អៗទាំងនោះ រួមមានដូចជា៖ រដ្ឋាភិបាលអូស្រ្តាលី សម្រេចផ្តល់ជំនួយដល់កម្ពុជា ៨៧លានដុល្លារអូស្រ្តាលីបន្ថែមទៀតសម្រាប់ការអភិវឌ្ឍឆ្នាំ២០១៨ មិនតែប៉ុណ្ណោះ សម្រាប់ដំណើររបស់ សម្តេចទៅកាន់អូស្រ្តាលីនេះ ក៏មានពលរដ្ឋខ្មែរអនិកជននៅអូស្រ្តាលី និងមកពីប្រទេសមួយចំនួនទៀត ទទួលស្វាគមន៍ និងគាំទ្រយ៉ាងច្រើនកុះករ ខុសពីការបំផុសបំផុលរបស់ក្រុមមួយចំនួនតូចទៅវិញ។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសរវាងលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការបរទេសកម្ពុជា ចំពោះដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អូស្រ្តាលី៖
លោក លឹម ជាវុត្ថា៖ តើឯកឧត្តមយល់ឃើញយ៉ាងដូច្នេះម្តេចដែរ ចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីនៃប្រទេសអូស្រ្តាលី នាពេលនេះ?
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសអូស្រ្តាលី គឺជាការវាយក្បាលដ៏ធ្ងន់ធ្ងរបំផុតចំពោះក្រុមអ្នកប្រឆាំង និងជនអគតិមួយចំនួននៅប្រទេសអូស្រ្តាលី និងនៅតាមបណ្តាប្រទេសផ្សេងទៀត។ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើង៣ចំណុចដូចខាងក្រោម៖
១៖ យើងឃើញហើយ ក្រុមប្រឆាំងបានអំពាវនាវម្តងហើយម្តងទៀត កុំឱ្យអូស្រ្តាលីអញ្ជើញសម្តេចតេជោ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសអូស្រ្តាលី ប៉ុន្តែរដ្ឋាភិបាលអូស្រ្តាលី មិនត្រឹមតែអញ្ជើញសម្តេចប៉ុណ្ណោះទេ នាយករដ្ឋមន្រ្តីអូស្រ្តាលី ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចតេជោ នៅប្រទេសអូស្រ្តាលីថែមទៀត។ មិនតែប៉ុណ្ណោះអូស្រ្តាលីថែមទាំងផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៨៧លានដុល្លារអូស្រ្តាលីបន្ថែមទៀត សម្រាប់ការអភិវឌ្ឍជាតិ នៅឆ្នាំ២០១៨នេះ។
២៖ យើងក៏បានឃើញបងប្អូន និងយុវជនខ្មែរយើងនៅអូស្រ្តាលី និងណូវេហ្សេឡង់ បានទៅស្វាគមន៍គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅអំឡុងពេលចូលកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ដោយទឹកមុខរីករាយសប្បាយក្លៀវក្លាបំផុត ដែលចេញពីបេះដូង ចេញពីទឹកចិត្តបង្ហាញអំពីការស្នេហាជាតិរបស់ពួកគេយ៉ាងច្បាស់ ហើយជាការផ្តល់យុត្តិធម៌ជូនសម្តេចតេជោទៀតផង?
៣៖ ដូច្នេះហើយ ពួកប្រឆាំងល្មមឈប់ធ្វើសកម្មភាពរបស់ខ្លួនទៅ ឈប់ធ្វើអំពើក្បត់ជាតិតទៅទៀត កុំធ្វើអ្វីតាមការបង្គាប់ ខ្សែញាក់របស់បរទេស ព្រោះបរទេសទាំងឡាយ មុននឹងគេធ្វើអ្វីមួយក៏គេបានសម្លឹងរកផលប្រយោជន៍សម្រាប់ជាតិគេដែរ ហើយគេក៏មិនធ្វើអ្វីតាមការចង់បានរបស់អ្នកឯងទេ សូមឱ្យមានការយល់ឱ្យច្បាស់ត្រង់ចំណុចនេះ។
សូមជំរាបថា សម្រាប់រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ជាមួយបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន។ ចំណែកបងប្អូនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី យ៉ាងច្រើនកុះករ រយៈពេល២ថ្ងៃមកនេះ បាននាំជួបជុំអបអរសាទរ និងស្រែកគាំទ្រចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីនៃទីក្រុងស៊ីដនី៕