(ភ្នំពេញ)៖ ដោយស្ថានភាពចរាចរណ៍ នៅរាជធានីភ្នំពេញ ប្រឈមនឹងការកកស្ទះខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ទើបសេវាដឹកជញ្ជូន​ ដូចជារថយន្តក្រុងសាធារណៈ ម៉ូតូឌុប រួមទាំងម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) ទទួលបានការគាំទ្រច្រើន ពីប្រជាជនសព្វថ្ងៃនេះ។ ជាមួយនឹងភាពរីករាយជូនអ្នកដំណើរ ពីកន្លែងមួយទៅកន្លែងមួយទៀត អ្នករត់ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) លោក លឹម សៅដារ៉ា ក្នុងវ័យ៣៨ឆ្នាំ កំពុងបើកបរជូនភ្ញៀវទៅទិសដៅផ្សេងៗគ្នាយ៉ាងប្រុងប្រយ័ត្ន នៅលើផ្លូវ។

បន្ទាប់ពីដាក់ភ្ញៀវនៅទិសដៅនីមួយៗ លោក សៅដារ៉ា ចតម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) របស់លោក ហើយលាងសម្អាត ដើម្បីត្រៀមខ្លួនទៅទទួលអតិថិជនបន្តទៀត។
លោក ដារ៉ា ប្រាប់មកអ្នកយកព័ត៌មានយើងថា​ « ប្រពន្ធ កូនទាំងបី និងគ្រួសាររបស់ខ្ញុំទាំងអស់ គឺពឹងផ្អែកទាំងស្រុង លើចំណូលរបស់ខ្ញុំ ពីការរត់ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE នេះ»

 (លោកលឹម សៅដារ៉ាចតម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) របស់លោកនៅពេលម៉ោងសម្រាកថ្ងៃត្រង់)

មុនពេលដែលលោកដារ៉ា សម្រេចចិត្តទិញម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) មកដឹកភ្ញៀវ លោកធ្លាប់ជាអ្នករត់ម៉ូតូឌុប និងក្រោយមកជាអ្នកបើកម៉ូតូកង់បី អស់រយៈពេលជាង៦ឆ្នាំ។ ប៉ុន្តែដោយប្រឈមនឹងការលំបាកផ្សេងៗ ទើបលោកបានសម្រេចចិត្ត​ទិញម៉ូតូបាចាច អរ អ៊ី (Bajaj RE) កាលពីពីរឆ្នាំមុន ហើយចាប់ពីពេលនោះ មកលោកមានអារម្មណ៍ថា មានសុវត្ថិភាព និងផាសុកភាពជាងមុន។

លោកបន្តទំាងទឹកមុខញញឹមថា​ «នៅពេលដែលខ្ញុំផ្លាស់ប្តូរ មកប្រើម៉ូតូកង់បីបាចាច អរ អ៊ីនេះ ខ្ញុំមិនប្រឈមនិងគ្រោះថ្នាក់ដូចមុនទៀតទេ។ អស់រយៈពីរឆ្នាំមកនេះ ខ្ញុំជួបគ្រោះថ្នាក់តែម្តងទេ ដោយសារកាលនោះមានខ្យល់ និងភ្លៀងធំ ហើយមានឆ័ត្រធំមួយ​ ហោះតម្រង់មករកខ្ញុំ បងអើយសំណាងដោយខ្ញុំបើកម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) មានរបំាងការពារនៅពីមុខ កុំអីខ្ញុំបាក់ភ្លៅរហូតមកដល់សព្វថ្ងៃនេះហើយ​» ។ ដារ៉ាស្ទាបភ្លៅរបស់គាត់ ញញឹម ហើយនិយាយបន្ត​ «និយាយទៅឥឡូវស្រួលគ្រប់បែបយ៉ាងទោះបីជាថ្ងៃក្តៅ និងភ្លៀងខ្លាំងយ៉ាងណាក៏ដោយ​»

ក្រៅពីកត្តាសុវត្ថិភាព ចំណូលរបស់លោកក៏ទទួលបានល្អជាងមុន បន្ទាប់ពីប្រកបមុខរបរនេះ ដោយក្នុងមួយថ្ងៃលោកអាចរកបានខ្ទង់​១៥ដុល្លារ ទៅ២០ដុល្លារ។ រាល់ថ្ងៃនេះ លោកដារ៉ាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបញ្ចូលកូនធំៗទំាងពីរនាក់របស់គាត់ ទៅសាលារៀន និងមានថវិកា​គ្រប់គ្រាន់ សម្រាប់ថ្លៃ​ទឹកដោះគោរបស់កូនតូច ថ្លៃម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់គ្រួសាររបស់គាត់។
លើសពីនេះ លោក ដារ៉ា បន្ថែម​ «សព្វថ្ងៃ ខ្ញុំមិនចំាបាច់ជិះ​រកភ្ញៀវដូចពីមុននោះទេ ដោយគ្រាន់តែចុះឈ្មោះ ក្នុងកម្មវិធីអែប (app)ផ្សេងៗគ្នា នោះគ្រាន់តែអង្គុយនៅមួយកន្លែង ក៏ខ្ញុំដឹងថា មានភ្ញៀវត្រូវការខ្ញុំដែរ​»។ សព្វថ្ងៃនេះ លោកដារ៉ា បានលក់ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) ឆ្នាំ២០១៤របស់លោក ហើយបានទិញម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) ថី្មឆ្នាំ២០១៨កាលពីកន្លះខែមុន។ លោក ជុំ ភួង អាយុ៣២ដែលមានសាច់រឿងស្រដៀង នឹងលោកសៅដារ៉ា បានឲ្យដឹងថាលោកបានទិញម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) នេះក្នុងអំឡុង៦ខែមុន ហើយឥឡូវនេះ​ជីវភាពរបស់គ្រួសារលោក កាន់តែប្រសើរឡើង ពីមួយ​ថ្ងៃទៅមួយថ្ងៃ។

(ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) កំពុងដឹកភ្ញៀវលើផ្លូវដ៏មមាញឹកនៅក្នុងទីក្រុងភ្នំពេញ)

លោក ភួង បានប្រាប់ថា​ «ការបើកម៉ូតូនេះ គឺប្រើប្រាស់បានទាំងសាំង និងហ្គាសដែលធ្វើឲ្យខ្ញុំចំណាយ តិចជាងបើកម៉ូតូដែលប្រើតែសំាង ដូច្នេះហើយខ្ញុំក៏អាចដឹកភ្ញៀវក្នុងតម្លៃសមរម្យដែរ ទើបខ្ញុំសព្វថ្ងៃទទួលបានអតិថិជន កាន់តែច្រើន​»។ ពេលនេះលោកអាចរកប្រាក់ចំណេញបានយ៉ាងហោចណាស់៤០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយខែ ដែលអាចបញ្ចូនកូនស្រីតូច របស់លោកទៅសាលាមតេ្តយ្យ ដូច្នេះភរិយារបស់លោកអាចមានពេល ទៅធ្វើការពេញម៉ោងនៅរោងចក្រ។ ស្របពេលដែលលោក អាចរកចំណូលបានល្អប្រសើរ ក្នុងការផ្គត់ផ្គង់ជីវភាព ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) ប្រភេទនេះ ក៏ជាផ្នែកមួយដែលជួយកាត់បន្ថយ ការចំណាកស្រុកដោយប្រថុយប្រថាន នៅប្រទេសក្រៅផង ដែរ។
លោក ភួង បានបន្ថែមថា​ «ក្នុងនាមជាអ្នកដឹកភ្ញៀវតាមម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) មួយរូប ខ្ញុំមិនត្រឹមតែរកប្រាក់ចំណូល ដើម្បីចិញ្ចឹមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំត្រូវមានតួនាទីទទួលខុសត្រូវ អាយុជីវិតរបស់ភ្ញៀវរបស់ខ្ញុំផងដែរ។ ហេតុដូច្នេះហើយ ខ្ញុំតែងតែប្រុងប្រយ័ត្ន នៅពេលបើកបរនៅលើផ្លូវ»

ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាស្ទើរតែ គ្រប់វ័យនិយមជិះម៉ូតូកង់បីនេះ រួមទាំងកញ្ញា គឹម ស្រីណែត ដែលជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ និងតែងតែប្រើប្រាស់នូវសេវាដឹកជញ្ចូននេះ បានប្រាប់ថា​ «ខ្ញុំតែងតែជិះម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE)នេះ នៅពេលដែលខ្ញុំត្រូវការ ទៅកន្លែងណាមួយ ពីព្រោះវាងាយស្រួល និងមានសុវត្ថិភាព ដោយគ្រាន់តែហៅពួកគាត់តាមប្រព័ន្ធអ៊ីធឺណែត ហើយមានតម្លៃថោក»។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) បានមកដល់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៥ ហើយបានបង្កើតការងារដល់ប្រជាជនខ្មែរចំនួន១ម៉ឺនកន្លែង បើគិតត្រឹមក្នុងឆ្នាំ២០១៨នេះ៕

(ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) កំពុងឈប់ទទួលភ្ញៀវនៅលើដងផ្លូវ)