(តាកែវ)៖ យុទ្ធនាការចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្រ្តីមូលដ្ឋាន ទាំង១០០ឃុំសង្កាត់ ដើម្បីធ្វើយ៉ាងណាពង្រឹងការងាររបស់មូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត របស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលបានចាប់ផ្ដើមតាំងពីដើមឆ្នាំ២០១៨កន្លងមក ដល់ពេលនេះ មានឃុំ/សង្កាត់ ចំនួន៣០ហើយ ដែលលោកបានចុះទៅដល់។ 

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ខណៈពេលជួបសំណេះសំណាលជាមួយមន្រ្តីភូមិ/ឃុំ លោក ឡាយ វណ្ណៈ បានថ្លែងថា រហូតមកដល់ពេលនេះ យុទ្ធនាការចុះឲ្យគ្រប់ឃុំ/សង្កាត់ ទាំង១០០នៅទូទាំងខេត្តតាកែវ គឺសម្រេចបានចំនួន៣០ឃុំ/សង្កាត់ហើយ ដោយនៅព្រឹកនេះ លោកចុះជួបមន្រ្តីមូលដ្ឋានចំនួន២ឃុំ គឺឃុំគោកពោហ៏ និងឃុំដូងខ្ពស់ នៅក្នុងស្រុកបូរីជលសា និងនៅពេលរសៀលនេះ លោកនឹងចុះជួបមន្រ្តីភូមិ ឃុំចំនួន២ទៀត គឺឃុំធ្លាប្រជុំ និងឃុំព្រៃខ្លា ដែលស្ថិតនៅស្រុកកោះអណ្ដែត។

លោកអភិបាលខេត្តបានបន្តថា យុទ្ធនាការនេះ គឺក្នុងគោលបំណងចង់ជួបបងប្អូនថ្នាក់ដឹកនាំភូមិ ឃុំ និងក្រុមការងារថ្នាក់ស្រុកចុះជួយឃុំនីមួយៗ ដោយចង់ដឹងពីសុខទុក្ខរបស់មន្រ្តី និងចង់ដឹងពីបញ្ហាប្រឈមមួយចំនួននៅក្នុងមូលដ្ឋាន ព្រមទាំងការអនុវត្តកាងារកន្លងមក ជាពិសេសលោកបានធ្វើការណែនាំពីរបៀបបធ្វើការ ដើម្បីធ្វើយ៉ាងណាពង្រឹងកាrងាររដ្ឋបាលក្នុងភូមិ ឃុំឲ្យបានល្អប្រសើរដែលនាំឲ្យការបម្រើ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរថែមទៀត។

លោក ឡាយ វណ្ណៈ បានឲ្យដឹងបន្តថា បើទោះបីជាកន្លងមក មន្រ្តីនៅតាមមូលដ្ឋានបានធ្វើការងារល្អប្រសើរហើយក៏ដោយ ប៉ុន្តែយើងត្រូវប្រឹងប្រែងបន្ថែមទៀត ជាពិសេសត្រូវអនុវត្តន៍ឲ្យបានល្អ ទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែបានដាស់តឿនមន្រ្តីទាំងអស់ មិនត្រូវចាត់ទុកថាខ្លួនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ តែត្រូវចាត់ទុកខ្លួនថាជាខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគាត់។

បើតាមលោកអភិបាលខេត្តតាកែវ នៅក្នុងយុទ្ធនាការចុះជួបជាមួយមន្រ្តីភូមិ ឃុំទូទាំង១០០ឃុំ/សង្កាត់ នៅក្នុងខេត្តតាកែវនេះ លោកក៏បានធ្វើការផ្ដាំផ្ញើឲ្យមន្រ្តីមូលដ្ឋានទាំងអស់ ត្រូវតែចុះឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ហើយត្រូវក្ដាប់ឲ្យបានពីបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់ ហើយត្រូវស្វែងរកដំណោះស្រាយទៅលើអ្វីដែលពួកគាត់ បានលើកឡើងប្រាប់អាជ្ញាធ៕