(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបក្រុមជួញដូរចែកចាយគ្រឿងញៀន បានចំនួន៣នាក់ ខណៈកំពុងធ្វើសកម្មភាពចែកចាយ ក្នុងមូលដ្ឋានយ៉ាងសកម្ម និងឆែកឆេរដកហូតបានថ្នាំចំនួន៦កញ្ចប់ ។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ តាមផ្លូវលំ ក្រុមទី៨ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ភា ប្រុស នាយប៉ុស្តិ៍បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ជុំ សារ៉ាត់ ហៅរិទ្ធ អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្រុមទី៨ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មុខរបរលក់គ្រឿងញៀន អស់រយៈពេល២ឆ្នាំ ហើយដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំ និង៥កញ្ចប់តូច, ទី២ឈ្មោះ ជុំ ភារម្យ អាយុ២៤ឆ្នាំ មានមុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងទី៣ឈ្មោះ ជុំ សារ៉េត អាយុ៣៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅក្រុមទី៨ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងត្រូវបាននាំមក កាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្ត តាមនីតិវិធី៕