(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍​ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ​អញ្ជើញជាអធិបតីក្នុង​សន្និបាតគណៈកម្មាធិការ ​គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ស្តីពីរបាយការណ៍​សភាពការណ៍ទូទៅ និង​ការងារគណបក្សឆ្នាំ២០១៧ និង​លើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៨​​។

បន្ទាប់ពីលោក​ អ៊ឹង ហឿន អនុប្រធានគណៈកម្មាធិការ ​គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បាន​អាននូវរបាយការណ៍ លទ្ធផលសកម្មភាព ដែលគណបក្សប្រជាជនខេត្ត អនុវត្តបានក្នុងឆ្នាំ២០១៧រួចមក​, លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានលើក​នូវទិសដៅសំខាន់ៗ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ខាងមុខ​។

ក្នុងនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹកដល់គ្រប់ថ្នាក់ដឹកនាំ ក្រុម​ការងារចុះជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ​កត្តា​សំខាន់ដោយផ្តោតឆ្ពោះទៅកាន់មូលដ្ឋានដាច់ស្រយាល និង​ប្រជាពលរដ្ឋរងគ្រោះ និង​ងាយរងគ្រោះ​ ការងារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ​ព្រមទាំងបង្កើនការគ្រប់គ្រង​ពង្រីកនូវសមាជិកភាពរបស់ខ្លួនក្នុងមូលដ្ឋាន​ផងដែរ​។​

ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​នាំនូវការផ្តាំផ្ញើ​សួរសុខទុក្ខ ពីសំណាក់​សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹក គិតគួរអំពីទុក្ខលំបាក ជីវភាពរបស់សមាជិកបក្ស​នៅ​ថ្នាក់មូលដ្ឋាន និង​ប្រជាពលរដ្ឋផងដែរ​។ ក្នុងនោះ សម្តេចពិជ័យសេនា បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផល និង​សមទ្ធិផល​ដែលគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តសៀមរាប អនុវត្តបានក្នុងឆ្នាំ២០១៧ ព្រមទាំង​​ធ្វើការកោតសរសើរ​ ពីការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការបក្សខេត្តសៀមរាបគ្រប់ជាន់ថ្នាក់ សំខាន់ចំពោះ​លោក លោកស្រី ជាក្រុមការងារបក្សគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុក​ដាក់លើការបំពេញភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម គ្រប់រាល់សកម្មភាពនៅថ្នាក់មូលដ្ឋាន ព្រមទាំងបានរួមចំណែក លើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ​។​

ដោយកត្តាសន្តិភាពនេះ ហើយបានធ្វើឲ្យខេត្តសៀមរាបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និង​បានធ្វើឲ្យកេរ្តិ៍ឈ្មោះដ៏លី្បល្បាញ នៃទីក្រុងប្រវត្តិសាស្ត្រសៀមរាប បានទទួលជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨-២០២០ ព្រមទាំងបានក្លាយជា តំបន់គោលដៅរបស់ភ្ញៀវទេសចរ​លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង​។

​សម្តេចពិជ័យសេនា ​ទៀ បាញ់ ក៏បានលើកនូវគោលការណ៍របស់គណបក្សមួយចំនួន ដើម្បីជាប្រទីពសម្រាប់ក្រុមការងារគ្រប់ថ្នាក់​យកទៅ អនុវត្តចំពោះមុខ នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់​ ព្រមទាំងបានធ្វើការក្រើនរំលឹកដល់គ្រប់ក្រុង ស្រុក ត្រូវធ្វើការ​ណែនាំដល់គ្រប់គណបក្សឃុំ សង្កាត់ ធ្វើការគ្រប់គ្រង និង​ពង្រឹង​ពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន និង​ក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និង​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន ដើមី្បឆ្ពោះទៅរកភាពជោគ​ជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៦ នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ខាងមុខ​។

ម៉្យាងទៀតគ្រប់ឃុំ សង្កាត់ គឺត្រូវបន្តការអនុវត្តនូវតួនាទី ភារកិច្ច ដើម្បីធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និន្តរភាព ក្នុងការ​គ្រប់គ្រងរដ្ឋ​បាលឃុំ សង្កាត់ និង​ការអភិវឌ្ឍន៍មូលដ្ឋាន ការផ្តល់សេវា និង​ការដោះស្រាយរាល់បញ្ហាផ្សេងៗរបស់​ប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈមនានាដែលមាននៅសេសសល់ពីឆ្នាំចាស់​ជូនប្រជាពលរដ្ឋ​ឲ្យកាន់តែមានប្រសិទ្ធ​ភាព និង​ស្រប​ទៅតាមលិខិតបទដ្ឋាននៃច្បាប់ទៀតផង​៕