(អូស្រ្តាលី)៖ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ប្រមាណជាង៥០០នាក់ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ ការជួបសំណេះសំណាលនេះធ្វើឡើង ខណៈសម្តេចបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចត្រូវនៅដល់យប់ជ្រៅក៏សម្តេចត្រូវតែជួបជាមួយបងប្អូនខ្មែរនៅអូស្ត្រាលី ព្រោះជាការបង្ហាញនូវការនឹករលឹកគ្នា ហើយក៏ជាការបង្ហាញនូវការស្វាគមន៍មេដឹកនាំជាតិកម្ពុជា។
* សម្តេចតេជោ បន្តថ្លែងថា ក្រុមខ្មែរនៅអូស្ត្រាលីមួយចំនួនតូចដែលចេញមកប្រឆាំងសម្តេច គឺជាការប្រឆាំងនឹងជាតិខ្មែរទាំងមូល ព្រោះដំណើរសម្តេចចេញទៅអូស្ត្រាលីមិនមែនជាដំណើរលក្ខណៈឯកជននោះឡើយ គឺជាតំណាងឲ្យជាតិខ្មែរទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឈឺចាប់ណាស់ចំពោះខ្មែរអូស្ត្រាលីដែលប្រឆាំងសម្តេច ហើយចោទប្រកាន់ខ្មែរគាំទ្រសម្តេចត្រូវបានគេទិញក្បាល។ សម្តេចតេជោ បានចោទសួរថា តើអ្វីទៅជាលទ្ធិប្រជាធិបតេយ្យនោះ ខណៈខ្លួនឯងអាចជួបជុំប្រឆាំងសម្តេច បែរជាចោទប្រកាន់អ្នកគាំទ្រសម្តេចថា ជាអ្នកត្រូវបានទិញក្បាលទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា Fresh News កំពុងផ្សាយផ្ទាល់ពីទីនេះ, មានតែ Fresh News មួយ, អាចអាន មើលទូរទស្សន៍ និងស្តាប់វិទ្យុផងដែរ។
* នៅចំពោះមុខខ្មែរនៅអូស្ត្រាលីសម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ទណ្ឌិត សម រង្ស៊ី ផងដែរថារកការគាំទ្រលើ Facebook ចាញ់សម្តេច បែរជាទៅប្តឹងសម្តេចទៅវិញ។ សម្តេចបានបញ្ជាក់ថា ចំនួន Like លើ Facebook សម្តេចមិនដឹងទេ វាជាការកំណត់របស់ក្រុមហ៊ុន Facebook តែប៉ុណ្ណោះ។
* សម្តេចតេជោ បានថ្លែងថា Facebook បើប្រើសម្រាប់ជាប្រយោជន៍ គឺមានប្រយោជន៍ខ្លាំងណាស់ តែបើប្រើបំពុលសង្គម គឺបំផុសសង្គមភ្លាម។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើកុំឲ្យមានការប្រើ Facebook ដើម្បីបំពុលសង្គមតាមក្រុមមនុស្សមួយចំនួន ដែលប្រឆាំងរាជរដ្ឋាភិបាលនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានទឹកដីធំ តែជាបន្តបន្ទាប់ត្រូវបានរួមតូចៗទៅ។ តែសម្រាប់រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺប្រឹងប្រែងការពារទឹកដីដែលជាមរតក បន្សល់ទុកពីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់ហេតុអ្វីខ្មែរមួយចំនួននៅតែបន្តលាបពណ៌គ្នាលើរឿងទឹកដីនេះ ហើយមិនព្រមជួយការពារគ្នា។ សម្តេចបានបញ្ជាក់ថា តាំងពីសម្តេចដឹកនាំ គឺសម្តេចប្រឹងប្រែងណាស់ក្នុងកាការពារទឹកដីទៅតាមផែនទី ដែលបានបន្សល់ទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជា នៅមានចំណុចខ្សោយពីរចំណុចពាក់ព័ន្ធលើការងារព្រំដែន។ ចំណុចខ្សោយទាំងពីរនោះរួមមាន៖
ទី១៖ រដ្ឋធម្មនុញ្ញបានចែងថា ការបោះបង្គោលព្រំដែនត្រូវយកតាមការកំណត់ក្នុងចន្លោះឆ្នាំ១៩៣៣ និង៥៣។ សម្តេចថា ការកំណត់បែបនេះ ធ្វើឲ្យខ្មែរមិនអាចតវ៉ាជាមួយ ប្រទេសដទៃទាមទារទឹកដីនៅមុនឆ្នាំនេះបានឡើយ។ សម្តេចបានបញ្ជាក់ថា បើកំណត់ឲ្យបានមុនឆ្នាំ១៩៥៣ ឬទាញដល់១៩៥០ ឬមុនឆ្នាំនេះ គឺអាចជែកដល់បញ្ហាទឹកដីកូសាំងស៊ីនថែមទៀត។
ទី២៖ ខ្សែព្រំដែនខ្នាត ១លើ ១០០ពាន់ ប្រើបានតែជាមួយវៀតណាម និងឡាវ រីឯផែនទីខ្នាត ១លើ ២០០ពាន់ជាមួយថៃ អត់បានដាក់ក្នុងរដ្ឋធម្មនុញ្ញទេ ដែលនេះប្រៀបបាននឹងខ្មែរបានធ្វើព្រំដែនប្រទេសតែម្ខាង។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា រឿងកម្សោយលើរដ្ឋធម្មនុញ្ញនេះ គឺជារឿងសម្ងាត់ តែដោយសារក្រុមបក្សប្រឆាំងចោទសម្តេចពេក ទើបសម្តេចបង្ខំចិត្តបកស្រាយលើបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់បងប្អូនខ្មែរនៅអូស្ត្រាលីថា ប្រសិនបើមានអ្នកទៅភូតថា ទឹកដីខ្មែរត្រូវបានកាត់ឲ្យគេ ឬត្រូវគេលួចនោះ កុំប្រញាប់ជឿគេពេក គឺត្រូវសួរទៅបងប្អូនខ្មែរនៅក្នុងស្រុកសិន ហើយឲ្យបងប្អូនចុះទៅដល់កន្លែងថតបង្ហាញជាមុនសិនចាំជឿ។ សម្តេចតេជោថា បើគេបោកបានម្តងមិនជាបញ្ហាទេ តែបើគេបោកបាន២ដង ឬ៣ដង គឺយើងល្ងង់ហើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រតិកម្មរឿងអ្នកចោទថា សម្តេចធ្វើឲ្យបាត់កោះត្រល់ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងកោះត្រល់នេះ គឺលោកប្រ៊ីវីយ៉េ គូសកំណត់ទៅឲ្យវៀតណាមតាំងពីឆ្នាំ១៩៣១ ដោយហៅថាកោះភូគុក ហើយនៅឆ្នាំ១៩៤៩ សភាបារាំង ក៏មានការប្រជុំរឿងកូសាំងស៊ីន ទឹកដីខ្មែរកម្ពុជាក្រោម រួមទាំងកោះត្រល់ផងដែរ។
* សម្តេចបានបញ្ជាក់រឿងទឹកដីក្នុងប្រវត្តិសាស្ត្រវាជារឿងប្រវត្តិសាស្ត្រ តែអ្វីដែលត្រូវគិតគូរ និងការពារឲ្យបានគឺទឹកដីខ្មែរដែលមាននៅពេលបច្ចុប្បន្ន ហើយត្រូវរួមគ្នាកំណត់បង្គោលព្រំដែនឲ្យបានច្បាស់លាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ខ្មែរនៅអូស្ត្រាលីថា កម្ពុជាបានប្រឹងប្រែងពីប្រទេសគ្មានចំណូល មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងកំពុងកំណត់ទិសដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចតេជោ បានបង្ហាញពីការគិតគូរទៀតថា នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នឹងលែងទទួលបានការអនុគ្រោះទៀតហើយ តែសម្តេចបានស្នើជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត កុំឲ្យមានដំឡើងអត្រាការប្រាក់នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអនុញ្ញាតឲ្យនរណាទៅខ្ចីលុយបរទេសមកចាយវាយទិញឡានជិះនោះទេ ហើយរាល់ការខ្ចីថវិកាបរទេសត្រូវបានការអនុម័តពីរដ្ឋសភា។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យខ្មែរនៅអូស្ត្រាលី ជួយទិញផលិតផលកសិផលរបស់ខ្មែរ។ សម្តេចបានបញ្ជាក់ថា ជាងពាក់កណ្តាលនៃម្ហូបអាហារ ដែលសម្តេចបរិភោគនាពេលបច្ចុប្បន្ន គឺជាផលិតផលក្នុងស្រុក ដើម្បីលើកទឹកចិត្តដល់ការផលិតនៅក្នុងស្រុក។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យខ្មែរនៅអូស្ត្រាលី ជួយទិញ «មីយើង» ដែលកំពុងលក់នៅក្នុងប្រទេសអូស្ត្រាលី ព្រោះជាផលិតផលរបស់ខ្មែរ។
* សម្តេចតេជោ បានបញ្ជាក់ថា នៅពេលខាងមុខកម្ពុជា នឹងដាក់ចេញគោលដៅខេត្តមួយបង្កើតសាកលវិទ្យាល័យមួយ ដើម្បីបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ បានថ្លែងថា ធនធានមនុស្សជារឿងសំខាន់ បើគ្មានធនធានមនុស្សមិនអាចអភិវឌ្ឍន៍ប្រទេសជាតិបាននោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺនៅតែជារឿងដែលសម្តេចយកចិត្តទុកដាក់ខ្ពស់បំផុត។
* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា សម្តេចចរចាផ្នែកនយោបាយគ្រប់បក្សនយោបាយទាំងអស់នៅកម្ពុជា តែមិនចរចាជាមួយក្រុមអតីតមេដឹកនាំ អតីតគណបក្សសង្គ្រោះជាតិនោះឡើយ ជាពិសេសជាមួយអ្នកបញ្ឆេះឲ្យមានការដុតរូបសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់ខ្មែរនៅអូស្ត្រាលីបានទៅដល់ប្រទេសអូស្ត្រាលីហើយ ត្រូវជំរុញឲ្យកូនៗបានរៀនសូត្រ។ សម្តេចតេជោ បានបញ្ជាក់ថា កុំឲ្យមកនៅអូស្ត្រាលីហើយ បានចេះត្រឹមអង់គ្លេស ហើយសរសេរអង់គ្លេសមិនត្រូវជ្រុងនោះ។
* សម្តេចតេជោ បានថ្លែងថា ភាសាអង់គ្លេសនៅកម្ពុជាកំពុងពេញនិយម ហើយបន្ទាប់ពីអង់គ្លេស គឺភាសាចិន ព្រោះចិនមានប្រជាជនច្រើន។ ដោយឡែកភាសាបារាំង បានស្លាប់បាត់ទៅហើយ។ សម្តេចបានរំលឹកថា កាលពីឆ្នាំ១៩៨២ ពេលសម្តេចនៅជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស សម្តេចបានរំលឹកបារាំងឲ្យបង្កើត មជ្ឈមណ្ឌលវប្បធម៌បារាំងនៅកម្ពុជា តែបារាំងមិនស្តាប់ ហើយថាខ្លួនមិនគាំទ្ររដ្ឋាភិបាលសម័យនោះ ទីបំផុតភាសាបារាំងលែងពេញនិយមនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផានឹងត្រូវប្រកាសជាផ្លូវ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណិតបងប្អូនខ្មែរនៅឯនាយសមុទ្រប្រឹងប្រែងធ្វើការ បែរជាត្រូវចាញ់បោកអតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដែលយកទៅប្រើប្រាស់មិនបានត្រឹមត្រូវថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថានៅវេលាម៉ោង៧៖៣០នាទីយប់ម៉ោងនៅភ្នំពេញ ត្រូវនឹងម៉ោង១១៖៣០នាទីយប់នៅអូស្រ្តាលី៕