(ស៊ីដនី-អូស្ដ្រាលី)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី នាយប់ថ្ងៃសៅរ៍នេះប្រមខុនៃ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យពលរដ្ឋខ្មែរនៅទីនោះជួយគាំទ្រ និងទិញផលិតផលកសិផលរបស់ខ្មែរដែលបាននាំយកទៅលក់នៅ ប្រទេសអូស្ដ្រាលី។
នៅចំពោះមុខពលរដ្ឋខ្មែរជាង៥០០នាក់ ក្នុងពិធីសំណេះសំណាលនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជួយទិញឥវ៉ាន់ខ្មែរយើងផង ដែលរស់នៅប្រទេសអូស្ដ្រាលី ហើយនៅពេលកម្ពុជាបើកការតាំងពិពរណ៌ទំនិញរបស់ខ្លួន សូមអញ្ជើញទៅមើលទៅមានគ្រប់មុខហើយ សូម្បីតែម្រេច និងស្វាយចន្ទី»។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ការជួយគាំទ្រ និងទិញផលិតផលរបស់ខ្មែរ ដើម្បីជាការលើកទឹកចិត្តដល់ការផលិតនៅក្នុងស្រុក និងលើកស្ទូយជីវភាពរបស់ពលរដ្ឋ។ ជាក់ស្ដែងសម្ដេចផ្ទាល់តែម្ដង ដែលជាងពាក់កណ្តាលនៃម្ហូបអាហារដែលសម្តេចបរិភោគនាពេលបច្ចុប្បន្ន គឺជាផលិតផលក្នុងស្រុក។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សូម្បីតែពេលដែលសម្ដេចអញ្ជើញទៅប្រទេសអូស្ដ្រាលីនេះ ក៏សម្ដេចរកទិញទំនិញរបស់ខ្មែរ ដើម្បីមកទទួលទានផងដែរ ព្រោះថាផលិតផលខ្លះប្រទេសផ្សេងៗអត់មាននោះទេ ប៉ុន្ដែប្រទេសកម្ពុជាមាន។
បន្ថែមពីនេះ សម្តេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានស្នើឲ្យខ្មែរនៅអូស្ត្រាលី ជួយទិញ «មីយើង» ដែលកំពុងលក់នៅក្នុងប្រទេសអូស្ត្រាលី ព្រោះជាផលិតផលរបស់ខ្មែរ ដែលផ្គត់ផ្គង់ និងចែកចាយដោយក្រុមហ៊ុនម៉ែនសារុន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា កសិកម្មនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនមែនជាការកសិកម្មដូចកាលពីមុននោះទេ ពោលគឺជាកសិឧស្សាហកម្ម ឬកសិពាណិជ្ជកម្ម៕