(ស៊ីដនី, អូស្ត្រាលី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមានចំណុចខ្សោយពីរចំណុច ជាហេតុនាំឲ្យពិបាកក្នុងការតវ៉ាលើបញ្ហាទឹកដីជាមួយប្រទេសជិតខាង។ សម្តេចបានបញ្ជាក់ថា ទឹកដីដែលបាត់បង់ក្នុងប្រវត្តិសាស្រ្តពិបាក ក្នុងការទាមទារមកវិញ ដូច្នេះរាជរដ្ឋាភិបាលរបស់សម្តេចត្រូវប្រឹងប្រែងរក្សាទឹកដីបន្សល់ដោយសម្តេច នរោត្តម សីហនុ ហើយត្រូវប្រឹងបោះ បង្គោលព្រំដែនឲ្យបានរឹងមាំ។
ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ ៥០០ នាក់នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានទឹកដីធំ តែត្រូវបាត់បង់ជាបន្តបន្ទាប់ព្រោះតែជម្លោះនៅក្នុងប្រវត្តិសាស្ត្រ តែសម្រាប់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន គឺបានប្រឹងប្រែងការពារទឹកដីដែលជាមរតកបន្សល់ទុកពីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មិនឲ្យមានការបាត់បង់នោះឡើយ។
ពាក់ព័ន្ធបញ្ហាទាមទារទឹកដីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាមានចំណុចខ្សោយពីរចំណុច ដែលជាហេតុនាំឲ្យពិបាកក្នុងការតវ៉ាទាមទារទឹកដីជាមួយប្រទេសជិតខាង។ បើតាមសម្តេចតេជោ ចំណុចខ្សោយទាំងពីរនោះរួមមាន៖
ទី១៖ រដ្ឋធម្មនុញ្ញបានចែងថា ការបោះបង្គោលព្រំដែនត្រូវយកតាមការកំណត់ក្នុងចន្លោះឆ្នាំ១៩៣៣ និង១៩៥៣។ សម្តេចថា ការកំណត់បែបនេះ ធ្វើឲ្យខ្មែរមិនអាចតវ៉ាជាមួយប្រទេសជិតខាងក្នុងការទាមទារទឹកដីនៅមុនឆ្នាំនេះបានឡើយ។ សម្តេចបានគូសបញ្ជាក់ថា ប្រសិន បើក្នុងរដ្ឋធម្មនុញ្ញកំណត់ឲ្យយកការបង្គោលព្រំដែនដោយយកនៅមុនឆ្នាំ១៩៥៣ ឬទាញដល់ ១៩៥០ ឬមុនឆ្នាំនេះ គឺអាចឲ្យកម្ពុជា ជជែកទាមទារទឹកដីរហូតដល់កូសាំងស៊ីនថែមទៀត។
សម្រាប់ចំណុចខ្សោយទី២ នោះ គឺផែនទីខ្មែរខ្នាត ១លើ ១០០ពាន់ ប្រើបានតែជាមួយវៀតណាម និងឡាវ រីឯផែនទីខ្នាត ១លើ ២០០ពាន់ជាមួយថៃ អត់បានដាក់ក្នុងរដ្ឋធម្មនុញ្ញនោះទេ។ ត្រង់ចំណុចនេះសម្តេចតេជោ ថ្លែងថា ខ្មែរគិតគូររឿងព្រំដែនតែម្ខាងប៉ុណ្ណោះ ឯជាមួយថៃ មិនបានគិតគូរនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រឿងកម្សោយលើរដ្ឋធម្មនុញ្ញនេះ គឺជារឿងសម្ងាត់សម្រាប់កម្ពុជា តែដោយសារក្រុមអតីតបក្សប្រឆាំងចោទសម្តេចខ្លាំងពេក ទើបបង្ខំឲ្យសម្តេចបកស្រាយលើបញ្ហានេះតែម្តង។
ក្នុងជំនួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មចំពោះអ្នកដែលបានចោទថា សម្តេចធ្វើឲ្យបាត់បង់កោះត្រល់ផងដែរ។ សម្តេចតេជោ បានពន្យល់ថា កោះត្រល់នេះ គឺអគ្គទេសាភិបាលបារាំង លោក ប្រ៊ីវីយ៉េ គូសកំណត់ទៅឲ្យវៀតណាមតាំងពីឆ្នាំ១៩៣១មកម្ល៉េះ ហើយនៅពេលនោះគេបានកោះនេះថា «ភូគុក»។ លុះនៅឆ្នាំ១៩៤៩ សភាបារាំង ក៏មានការប្រជុំរឿងកូសាំងស៊ីន ទឹកដីខ្មែរកម្ពុជាក្រោម រួមទាំងកោះត្រល់នេះផងដែរ តែខ្មែរមិនបានតវ៉ានោះទេ ថែមទាំងបោះឆ្នោតអនុប្បវាទថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ខ្មែរនៅអូស្ត្រាលីថា ប្រសិនបើមាននរណាទៅភូតថា ទឹកដីខ្មែរត្រូវបានកាត់ឲ្យគេ ឬ ត្រូវគេលួចនោះ កុំប្រញាប់ជឿគេពេក ត្រូវសួរទៅបងប្អូនខ្មែរនៅក្នុងស្រុកសិន ហើយឲ្យពួកគេចុះទៅដល់កន្លែងថតបង្ហាញជាមុនសិនចាំជឿ៕