(ស៊ីដនី-អូស្ដ្រាលី)៖ ថ្លែងចេញពីប្រទេសអូស្ដ្រាលី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា បើមិនមានអ្វីប្រែប្រួលនោះទេ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តសកម្មភាពរបស់មន្ទីរពេទ្យនេះ ក្រោយអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner នឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចបន្ដជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «តាមការគ្រោងទុកបើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី១១ ខែមេសា មុនចូលឆ្នាំខ្មែរយើងនឹងប្រកាសឲ្យចាប់ផ្ដើមអនុវត្តមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាជំនួយដ៏ធំសម្រាប់ស្រោចស្រង់មន្ទីរពេទ្យគន្ធបុប្ផា នេះជាកម្មវិធីមួយមិនតូចទេ ខ្ញុំជាប្រធានកិត្តិយស»។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ បានចុះហត្ថលេខាបង្កើតជាផ្លូវការ នូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជាប្រធាននៃមូលនិធិនេះ ដើម្បីបន្តសកម្មភាពរបស់មន្ទីរពេទ្យនេះ កុំឲ្យដួលរលំដោយសារអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ដ្រី មូលនិធិគន្ធបុប្ផានៅប្រទេសស្វីស ដែលមានលោកវេជ្ជបណ្ឌិត Beat Richne ជាអ្នកបង្កើតនៅតែបន្តវត្តមាន ក៏ប៉ុន្តែត្រូវតែមានមូលនិធិគន្ធបុប្ផារបស់កម្ពុជាមួយទៀត ជាមួយថវិការបស់រដ្ឋដែលត្រូវផ្ទេរជូនមន្ទីរពេទ្យ ក៏ត្រូវមានថវិកាដទៃទៀតតាមរយៈ ជនជាតិកម្ពុជាដើម្បីចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ឲ្យដំណើរការទៅមុខមន្តទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវជួយមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា មួយនេះកុំឲ្យដួររលំដោយសារអវត្តមាន របស់លោកវេជ្ជបណ្ឌិត Beat Richne៕