(ភ្នំពេញ)៖ សមណសិស្ស-សិស្ស ជាង៦០០អង្គ/នាក់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានចូលរួម ប្រឡងយកអាហារូបករណ៍ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០១៨-២០១៩​ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ក្នុងចំណោមសមណសិស្ស-សិស្ស ប្រឡងយកអាហារូបករណ៍៍ ជាង៦០០ អង្គ/នាក់ មកពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជរាជធានីភ្នំពេញ មានចំនួន២០១អង្គ/នាក់, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជប្រចាំខេត្តកំពង់ឆ្នាំង មានចំនួន២៥៤អង្គ/នាក់, ពុទ្ធិកសាកលវិទ្យាល័ព្រះសីហនុរាជ ប្រចាំខេត្តបាត់ដំបង មានចំនួន ១៣៣ អង្គ/នាក់។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ឋិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានសង្ឃដីកាថា ការប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅពុទ្ធិកសាកលវិទ្យាល័ព្រះសីហនុរាជ នាពេលនេះ គឺជាការវិនិច្ឆ័យ មួយប្រកបដោយយុត្តិធម៌ ចំពោះការសិក្សា និងជាការរង្វាស់កម្រិតចំណេះដឹង របស់សមណសិស្ស-សិស្សគ្រប់រូប។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានសង្ឃីកាបន្ថែមថា សមណសិស្ស-សិស្សទាំងជាង៦០០អង្គ/នាក់ ត្រូវយកចិត្តទុកដាក់ ឲ្យអស់ពីចិត្ត និងស្មោះត្រង់បំផុត ដើម្បីឲ្យការប្រឡងនេះ ប្រព្រឹត្តទៅ ដោយជោគជ័យ និងកិត្តិយសថ្លៃថ្នូរ។

ជាមួយគ្នានោះ លោក ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងលោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ការរៀបចំឲ្យមានការប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន របស់ពុទ្ធិកសាកលវិទ្យាល័ព្រះសីហនុរាជនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា សមណសិស្ស-សិស្សពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានទំនុកចិត្ត និងចំណេះដឹងយ៉ាងពិតប្រាកដ។

តំណាងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាដដែលបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ហើយរំពឹងថា ពុទ្ធិកសាកលវិទ្យាល័យ ដ៏ចំនាស់មួយនេះ នឹងបណ្តុះបណ្តាល សមណសិស្ស-សិស្សគ្រប់រូប ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ និងក្លាយជាទំពាំងស្នងឬស្សី ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានសង្ឃដីកាថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងបង្កើតឲ្យមានថ្នាក់បណ្ឌិត បន្ថែមទៀត ដើម្បីឲ្យមានជម្រើសច្រើនដល់ សមណសិស្ស-សិស្ស ក្នុងការពង្រឹង និងពង្រីកចំណេះដឹង ទាំងផ្លូវព្រះធម៌ និងផ្លូវវិទ្យាសាស្រ្ត។

សម្រាប់ឆ្នាំសិក្សាថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ពុទ្ធិកសាកលវិទ្យាល័យ បានផ្តល់អាហារូបករណ៍១០០% ដល់សមណសិស្ស-សិស្ស ឱ្យចូលរៀនរយៈពេល៤ឆ្នាំពេញ ចំនួន៤៥០កន្លែង ។

គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានសិក្សា ដែលមានវ័យចំណាស់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានការបណ្តុះបណ្តាលធនធានមនុស្សឲ្យក្លាយជាបញ្ញវ័ន្តជាច្រើនរូប ប្រកបដោយពុទ្ធិ គុណធម៌ សីលធម៌ និងចរិយាធម៌។

បច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាននឹងកំពុងតែបណ្តុះបណ្តាលសមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រប្រកប ដោយជោគជ័យលើឯកទេសចំនួន៩ បាន១៤ជំនាន់ និងកំពុងបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាច្រើនជំនាន់​និងជាច្រើនឯកទេសបន្ថែមទៀត៕