(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់អន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង០៧៖៣០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ចំនួន៤៣នាក់ ក្នុងនោះស្ដ្រី៣នាក់ បានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញហើយ។
កាលពីម្សិលមិញ លោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ពលរដ្ឋដែលបញ្ជូនមកកម្ពុជាវិញនេះ ពួកគាត់បានទៅរស់នៅសហរដ្ឋអាមេរិក តាំងពីមុនឆ្នាំ១៩៩៤ ហើយក៏បានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ រហូតដល់ជាប់ពន្ធនាគារនៅអាមេរិក។ ក្រោយពេលជាប់ពន្ធនាគាររួចនេះហើយ ពួកគាត់ត្រូវបានអាមេរិក សម្រេចបញ្ជូនឲ្យត្រឡប់មកកម្ពុជាវិញ ដែលពួកគាត់មានអ្នកខ្លះមានបញ្ហាសុខភាពផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកឲ្យត្រឡប់មកកម្ពុជាវិញ ចាប់តាំងពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តល្មើសឲ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់។
ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ ការបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកត្រូវបានខកខាន ដោយសារតែសហរដ្ឋអាមេរិក មិនព្រមតាមសំណើកម្ពុជា ដែលស្នើឱ្យកែប្រែលក្ខខណ្ឌ មួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។សហរដ្ឋអាមេរិក បានសម្រេចផ្អាកទិដ្ឋាការ ដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសាច់ញាតិរបស់ពួកគេ ដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ដោយសារតែការសើរើកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះកម្ពុជាក៏បានសម្រេចផ្អាកកិច្ច សហប្រតិបត្តិការកម្ពុជា-អាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្គ្រាមផងដែរ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញករណីនេះ។ ដោយឡែកក្រសួងការបរទេសកម្ពុជា មិនអាចទំនាក់ទំនងបានទេ៕