(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ ស្តីពីការឆបោករបស់ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ ដោយក្រសួងការងារបានបញ្ជាក់ថា មិនបានផ្តល់អាជ្ញាប័ណ្ណ និងមិនបានអនុញ្ញាតឲ្យក្រុមហ៊ុននេះ ធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសគូវ៉ែត តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសជប៉ុននោះទេ។
បើយោងតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលសារព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ ( CJ LABBOUR SOPPLY CO, LTD ) នេះមានទីតាំងស្ថិតនៅ អគារលេខ១៣ ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងឆបោកសាធារណជន ដោយបានក្លែងបន្លំប្រកាសអនុញ្ញាតរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើជាភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដោយបានធ្វើការជ្រើសរើសពលករទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ មិនពេលសម្រេចចិត្តចុះឈ្មោះទៅធ្វើការតាមរយៈក្រុមហ៊ុនណាមួយ ត្រូវពិនិត្យលើបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដែលអនុញ្ញាតដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនសិន៕