(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា នៅតែជឿជាក់ថា ការព្រមានបង្កចលាចលរបស់ទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដើម្បីអុកឡុកការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នឹងមិនអាចទៅរួចឡើយ។ គ.ជ.បចាត់ទុកថា ការព្រមាននេះគ្រាន់តែជាសម្តីញុះញង់ ដែលគ្មានប្រសិទ្ធិភាពប៉ុណ្ណោះ។
ការបញ្ជាក់របស់ អ្នកនាំពាក្យគ.ជ.ប បានធ្វើឡើងបន្ទាប់ពី ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងមានវត្តមាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានព្រមានជាថ្មីថា ចលនាងើបបះបោរនឹងកើតមានឡើងនៅកម្ពុជា ប្រសិនបើពុំមានវត្តមានគណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខនេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថា៖ «សម្តីរបស់ លោក សម រង្ស៊ី គឺជាសម្តីអ្នកនៅក្រៅច្បាប់ ហើយអ្វីដែលគាត់កំពុងធ្វើគឺជាការញុះញង់មួយ ដើម្បីរារាំងដល់ការបោះឆ្នោត នាពេលខាងមុខនៅកម្ពុជា។ ការញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាបទល្មើសមួយ ហើយគ.ជ.បសង្ឃឹមថា ប្រជាពលរដ្ឋនឹងមិនលុះដោយការញុះញង់នេះទេ ពលរដ្ឋនឹងមិនទម្លាក់សិទ្ធិរបស់ខ្លួនឯងទេ ហើយពួកគាត់នឹងទៅបោះឆ្នោត»។
អ្នកនាំពាក្យគ.ជ.ប បានបន្តថា «ត្រង់ពាក្យថា បះបោរ ឬបង្កចលាចល គឺនេះគ្រាន់តែជាភាសានយោបាយ ដោយសារតែខ្លួនគាត់(សម រង្ស៊ី) ផ្ទាល់កំពុងតែជាប់ទោសទណ្ឌទើបប្រើពាក្យញុះញង់។ អញ្ចឹងនិយាយរួម នេះគ្រាន់តែជាភាសានយោបាយតែប៉ុណ្ណោះ។ យើងមើល ប្រជាពលរដ្ឋជាង៥លាននាក់ គាត់បានទៅធ្វើទេសចរកម្សាន្ត នៅឱកាសបុណ្យចូលឆ្នាំប្រកបដោយក្តីសប្បាយរីករាយ នេះសបញ្ជាក់ឱ្យឃើញថា ពលរដ្ឋខ្មែរមិនបានទទួលរងនូវការញុះញង់ពីបុគ្គលណាមួយទេ»។
ទោះជាយ៉ាងនេះក្តី ដើម្បីការពារដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅខែកក្កដា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុបរហូតដល់៨ម៉ឺននាក់ រួមទាំងមានកម្លាំងប្រជាការពារប្រមាណ២ម៉ឺននាក់ផងដែរ។ ជាមួយគ្នានេះ គ.ជ.ប បានដាក់ចេញនូវផែនការ៥ចំណុច ដល់គណៈកម្មការរបស់ខ្លួនតាមរាជធានី-ខេត្ត ដើម្បីធានាការពារសនិ្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះផងដែរ។
សូមបញ្ជាក់ថា ការព្រមានបះបោរប្រឆាំងនឹងការបោះឆ្នោតរបស់ទណ្ឌិត សម រង្ស៊ី បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកយកឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ កុំទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅខែកក្កដា។ ប៉ុន្តែការអំពាវនាវនេះ ត្រូវបានរាជរដ្ឋាភិបាល និងគ.ជ.ប ចាត់ទុកថា ជារឿងខុសច្បាប់ធ្ងន់ធ្ងរ៕